ពលរដ្ឋភៀសសឹកមានបណ្ណសមធម៌ និងបណ្ណគ្រួសារងាយរងហានិភ័យ អាចបើកថ្នាំលើសសម្ពាធឈាម ទឹកនោមផ្អែក នៅគ្រប់មណ្ឌលសុខភាព
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានជម្រាបពលរដ្ឋភៀសសឹកទាំងអស់ដែលជាគ្រួសារមានបណ្ណសមធម៌ និងបណ្ណគ្រួសារងាយរងហានិភ័យ ទាំងអស់ អាចប្រើប្រាស់បណ្ណនេះទៅបើកថ្នាំលើសសម្ពាធឈាម ទឹកនោមផ្អែក នៅគ្រប់មណ្ឌលសុខភាព, មន្ទីរពេទ្យបង្អែកនានា នៅក្បែរជុំរុំ ឬទីតាំងដែលពួកគាត់កំពុងស្នាក់នៅបណ្តោះអាសន្នទាំងអស់បាន ក្នុងករណីមានតម្រូវការចាំបាច់ ដោយរដ្ឋទទួលបន្ទុកបង់ថ្លៃជំនួស។
ការបញ្ជាក់បែបនេះ របស់ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ដឹកនាំក្រុមការងារនៃអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយបងប្អូនជនភៀសសឹក ក្នុងមូលដ្ឋានខេត្តសៀមរាប ។
ឯកឧត្តម ក៏បាន ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែគិតគូរជានិច្ចពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនទាំងអស់ដែលជាជនភៀសសឹក ក៏ដូចជាវីរៈយុទ្ធជននៅគ្រប់កន្លែង និយាយជារួម និងនិយាយដោយឡែក នៅក្នុងសៀមរាប។
ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ ដល់គណៈអភិបាលខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងក្រុមការងារចុះមូលដ្ឋានទាំងអស់ ដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខរបស់បងប្អូនជនភៀសសឹក ទាំងការព្យាបាលជំងឺ ការថែទាំសុខភាព និងបញ្ហាប្រឈមនានា។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត បានស្នើពលរដ្ឋភៀសសឹក ថែរក្សាសុខភាពឱ្យបានល្អ ក្នុងគ្រាដ៏លំបាកនេះ និងសូមជឿទុកចិត្តលើការដឹកនាំ និងសមត្ថភាពដោះស្រាយបញ្ហារបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង ដែលកំពុងខិតខំធ្វើការមិនថាយប់ មិនថាថ្ងៃ ដើម្បីស្វែងរកមកវិញនូវសុខសន្តិភាពជូនបងប្អូន និងការពារបាននូវអធិបតេយ្យភាព បូរណភាពទឹកដីរបស់យើង៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា









