កម្ពុជាកំពុងយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាប្រព្រឹត្តកម្មវិទ្យុសកម្មដើម្បីសម្លាប់មេរោគ
ភ្នំពេញ៖ ការចាប់យកបច្ចេកវិទ្យាប្រព្រឹត្តកម្មវិទ្យុសកម្មមកប្រើប្រាស់ ដើម្បីសម្លាប់មេរោគលើពហុផលិតផល គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ ព្រមទាំងទាក់ទាញការវិនិយោគ និងបង្កើតការងារដែលមានគុណភាពនៅកម្ពុជា។
នេះគឺជាប្រសាសន៍របស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រដ្ឋ កាលពីថ្ងៃទី១៦ ខែធ្នូ ក្នុងឱកាសអញ្ជើញបើកវេទិកាជាតិស្តីពី “បច្ចេកវិទ្យាប្រព្រឹត្តកម្មវិទ្យុសកម្ម eBeam និង X-ray សម្រាប់អនាគតឆ្លាតវៃ ៖ សក្តានុពលថ្មីក្នុងវិស័យធុរកិច្ច និងវិនិយោគនៅកម្ពុជា”។
ឯកឧត្តមរដ្ឋមន្រ្តីគូសបញ្ជាក់ថា បច្ចេកវិទ្យាទាំងនេះនឹងបង្កើនសុវត្ថិភាពផលិតផល គាំទ្រឧស្សាហកម្មសំខាន់ៗ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារតំបន់ និងសកល ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលមានលក្ខណៈទំនើប ធន់ និងជំរុញដោយនវានុវត្តន៍។
វេទិកានេះរៀបចំដោយវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និងសាកលវិទ្យាល័យ Texas A&M សហរដ្ឋអាមេរិក ដោយបានប្រមូលផ្តុំអ្នកជំនាញ និងវាគ្មិនមកពីវិស័យសាធារណៈ និងឯកជននានា ដើម្បីពិភាក្សាអំពីការប្រើប្រាស់ គុណប្រយោជន៍ ឱកាសធុរកិច្ច ការលើកកម្ពស់សុវត្ថិភាព និងការកាត់បន្ថយការយល់ខុសអំពីការប្រើប្រាស់បច្ចេកវិទ្យាប្រព្រឹត្តកម្មវិទ្យុសកម្ម ពិសេសក្នុងឧស្សាហកម្មអាហារ។
សាស្រ្តាចារ្យ Suresh Pillai នាយកមជ្ឈមណ្ឌលជាតិស្រាវជ្រាវ eBeam នៃសាកលវិទ្យាល័យ Texas A&M បានលើកឡើងថា ការចាប់យកបច្ចេកវិទ្យា eBeam និង X-ray បានកាន់តែឆាប់រហ័ស នឹងអាចជួយកម្ពុជាបង្កើនភាពប្រកួតប្រជែងនៅក្នុងតំបន់ និងអាចក្លាយជាគំរូបង្ហាញការដឹកនាំរបស់រដ្ឋាភិបាល ក្នុងការជំរុញការវិនិយោគឯកជនលើបច្ចេកវិទ្យាថ្មីៗ។ លោកសាស្រ្តាចារ្យបានបន្ថែមថា សាកលវិទ្យាល័យ Texas A&M រួមជាមួយដៃគូសហការអន្តរជាតិ បានត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកជំនាញផ្នែកវិទ្យាសាស្រ្ត ការបណ្ដុះបណ្ដាល និងបទពិសោធន៍ បច្ចេកទេស ដើម្បីធានាថា បច្ចេកវិទ្យាទាំងនេះអាចចាក់ឫស និងរីកលូតលាស់នៅកម្ពុជា។
សូមបញ្ជាក់ថា បច្ចេកវិទ្យាប្រព្រឹត្តកម្មវិទ្យុសកម្ម រួមទាំងបច្ចេកវិទ្យា eBeam និង X-ray កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងតំបន់អាស៊ាន និងទូទាំងពិភពលោក ដើម្បីបង្កើនសុវត្ថិភាពចំណីអាហារ ផលិតភាពឧស្សាហកម្ម សុខាភិបាល និងការស្រាវជ្រាវ។ ប្រទេសជឿនលឿនដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ជប៉ុន បារាំង និងសាធារណរដ្ឋកូរ៉េ បានបង្កើនការវិនិយោគរបស់ខ្លួនយ៉ាងច្រើនលើបច្ចេកវិទ្យាទាំងនេះ ក្នុងគោលដៅពន្លឿនវឌ្ឍនភាពនៃវិស័យចម្រុះ ៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា











