ក្រុមហ៊ុនវឌ្ឍនៈបន្តចូលរួមជាមួយសហព័ន្ធប្រដាល់សកលកម្ពុជាដើម្បីជួយដល់វីរៈកងទ័ពនិងជនភៀសសឹក

ភ្នំពេញ៖ បន្ទាប់ពីមានការអំពាវនាវពីសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាកៀគរស្វែងរកមូលនិធិជួយដល់វីរៈកងទ័ពនិងពលរដ្ឋជាជនភៀសសឹករង់គ្រោះដោយការឈ្លានពានពីសំណាក់យោធាថៃ ក្រុមហ៊ុនវឌ្ឍនៈបាននាំយកនូវភេសជ្ជៈមួយចំនួនអមជាមួយនឹងការពិចារណាជួយថវិកាបន្ថែមជូនដល់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នៅសាលហ្វឹកហាត់កីឡាប្រដាល់សកកម្ពុជាក្នុងពហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២៥។


កញ្ញា ទូច លាភា ប្រធានផ្នែកផ្សព្វផ្សាយក្រុមហ៊ុនវឌ្ឍនៈ បានថ្លែងលើកឡើងថា ការចូលរួមជួយដល់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា មានពីរដំណាក់កាល មួយជួយឧបត្ថម្ភសម្រាប់គាំទ្រលើការប្រកួតកីឡាប្រដាល់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ និងដំណាក់កាលទី២នេះ គឺក្រុមហ៊ុនជួយទៅដល់វីរៈកងទ័ព និងពលរដ្ឋជាជនភៀសសឹក តាមរយៈមូនិធិសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។


កញ្ញា បានអះអាងទៀតថា សកម្មភាពជួយដល់វិស័យកីឡានេះ ក្រុមហ៊ុនបានជួយយ៉ាងច្រើន ក្នុងនោះមានកីឡាជាតិ ស៊ីហ្គេម និងការប្រកួតផ្សេងៗជាច្រើនទៀតដោយចាប់ដៃជាមួយក្រសួងអប់រំយុវជននិងកីឡា ។ ដោយឡែកការជួយដល់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី១នេះ ក្រុមហ៊ុនមានចក្ខុវិស័យរួមចំណែកក្នុងជំហានជួយអភិវឌ្ឍន៍លើកកម្ពស់វិស័យប្រដាល់សកលឱ្យកាន់តែរីកចម្រើន ។


ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានថ្លែងបញ្ជាក់ថា ភេសជ្ជៈដែលទទួលបានពីការជួយរបស់ក្រុមហ៊ុនវឌ្ឍនៈ និងថវិកាផ្សេងៗដែលទទួលបានពីការជួយរបស់សប្បុរសជននានា និងពីការលក់អាវរបស់សហព័ន្ធនិងនាំយកទៅប្រគល់ជូនដល់វីរៈកងទ័ព និងជនភៀស ។ខណៈដែល ការបើកទទួលមូនិធិ និងការលក់អាវចាប់ផ្តើមពីថ្ងៃទី២១នៅក្នុងពហុកីឡាដ្ឋានជាតិអំឡុងពេលដំណើរការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ដែលបិទបញ្ចប់ត្រឹមថ្ងៃទី២៦ខែ ធ្នូខាងមុខនេះ។ ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវក្នុងនាមជាស្ថាប័នកីឡាមួយមួយស្របតាមបាវចនារបស់កម្ពុជាកីឡារស់ក្នុងសន្តិភាពសូមអំពាវនាវដល់សប្បុរសជនដែលមានបំណងចង់ចូលរួមជួយដល់វីរៈកងទ័ព និងប្រជាពលរដ្ឋជាជនភៀសសឹកពីការឈ្លានពានរបស់យោធាថៃ សូមចូលរួមតាមរយៈQRរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាដែលផ្សព្វផ្សាយក្នុងផេកហ្វេសបុកផ្លូវការរបស់សហព័ន្ធ និងបណ្តាសារព័ត៌មានក្នុងស្រុកតាមសុទ្ធាតិចក្តីនិងច្រើនក្តីដើម្បីបង្ហាញនូវស្មារតីរួមរួមជាតិ។


សូមបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ នឹងដំណើរការប្រកួតចាប់ពីថ្ងៃទី២៣ដល់២៦ ខែ ធ្នូ ក្នុងនោះផ្សារភ្ជាប់និងព្រឹត្តិការណ៍ប្រកួតសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបើកលក់អាវចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៦ ខណៈអាវមួយតម្លៃ៥ដុល្លារសរុប២០០អាវ យកទៅចូលរួមក្នុងមូនិធិជួយដល់កងទ័ពនិងជនភៀសសឹកទាំងអស់៕រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner