ថៃ៖ ក្មួយប្រុស លោក ថាក់ស៊ីន ក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី
បាងកក ៖ ក្មួយប្រុស របស់លោក ថាក់ស៊ីន អតីតមេដឹកនាំថៃ ត្រូវបានតែងតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោត នាថ្ងៃទី៨ ខែកុម្ភៈ។
លោក ថាក់ស៊ីន អាយុ៧៦ឆ្នាំ ដែលជាអ្នកនយោបាយទម្ងន់ធ្ងន់ និង ជាមហាសេដ្ឋីមួយរូប របស់ប្រទេសថៃ បច្ចុប្បន្ន កំពុងជាប់ពន្ធនាគារ ក្នុងទីក្រុងបាងកក ពីបទពុករលួយ អំឡុងពេលលោកកាន់តំណែង។
លោក Yodchanan Wongsawat វ័យ៤៦ឆ្នាំ គឺជាកូនប្រុស របស់អតីតនាយករដ្ឋមន្ត្រី លោក Somchai Wongsawat និង ប្អូនស្រី របស់ លោក Thaksin គឺ អ្នកស្រី Yaowapa Wongsawat ។
លោក Yodchanan បានទទួលបណ្ឌិត ផ្នែកវិស្វកម្មអគ្គិសនី ពីសាកលវិទ្យាល័យ Texas នៅ Arlington និង ជាសាស្ត្រាចារ្យ បង្រៀនផ្នែកវិស្វកម្មជីវវេជ្ជសាស្ត្រ នៅសាកលវិទ្យាល័យ Mahidol ក្នុងប្រទេសថៃ។
លោក Yodchanan បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារថា «ខ្ញុំគិតថា នឹងជាអត្ថប្រយោជន៍ សម្រាប់យើង ក្នុងនាមជាគណបក្ស…យើងពិតជាមានចក្ខុវិស័យមួយ ដែលនឹងមាន សម្រាប់ប្រជាជន»។
យ៉ាងណា ក្រៅពីលោក លោក Yodchanan Wongsawat, បក្សភឿថៃក៏មានបេក្ខភាពនាយករដ្ឋមន្ត្រី ពីររូប ផ្សេងទៀត ផងដែរ រួមមាន លោក Julapun Amornvivat មេដឹកនាំគណបក្ស និង ជាអតីតអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ ព្រមទាំង អ្នកនយោបាយជើងចាស់ គឺ លោក Suriya Jungrungreangkit៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត