សហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំកម្មវិធីដើរដើម្បីសន្តិភាពនៅរាជធានីភ្នំពេញ
ភ្នំពេញ៖សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)នឹងរៀបចំកម្មវិធីដើរដើម្បីសន្តិភាព (March for Peace)
នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជាបានឱ្យដឹងថា ស.ស.យ.ក.នឹងរៀបចំសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធីដើរដើម្បីសន្តិភាព (March for Peace) នាថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ១៥:០០នាទីរសៀលតទៅ ដោយធ្វើការជួបជុំសមាជិក សមាជិកា ស.ស.យ.ក.និងសាធារណជនទូទៅ នៅបរិវេណផ្សាររាត្រី រួចធ្វើដំណើរដោយថ្មើរជើងឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យដោយនឹងមានប្រារព្ធពិធីថ្លែងសារនៅទីនោះ។
មូលហេតុចម្បងនៃការរៀបចំព្រឹត្តិការណ៍ដើរដើម្បីសន្តិភាព ត្រូវបានបញ្ជាក់ថា ក្នុងគោលបំណងបង្ហាញស្មារតីស្រឡាញ់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។
ប្រទេសថៃបានបើកការឈ្លានពានមកលើអធិបតេយ្យភាពជាថ្មីចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ។សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដោយគិតត្រឹមថ្ងៃទី១៦ ខែធ្នូនេះ ជនស៊ីវិលកម្ពុជាបានបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន ១៧នាក់ (ទារក ១នាក់) និងរងរបួសជនស្លូតត្រង់ចំនួន ៧៧នាក់។
ឆ្លើយតបចំពោះទង្វើព្រៃផ្សៃនេះ កម្ពុជាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ៕
ដោយ៖វណ្ណលុក
