សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខគ្រួសារវីរកងទ័ព និងពលរដ្ឋភៀសសឹក៣២៤គ្រួសារ នៅខេត្តសៀមរាប
សៀមរាប៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាកាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ៣២៤គ្រួសារ នៅខេត្តសៀមរាប ។

ក្នុងជំនួបសំណេះសំណាលផ្ទាល់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសរសើរនិងអរគុណដល់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងអាជ្ញាធរក្នុងមូលដ្ឋានផ្ទាល់ ដែលបានជួយរៀបចំទីតាំងសុវត្ថិភាព និងការជួយសម្រួលជូនដល់បងប្អូនភៀសសឹក។ សម្តេចបានបញ្ជាក់ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ស្មារតីរួមសាមគ្គី“ខ្មែរតែមួយ” ជួយគ្នាក្នុងគ្រាអាសន្ន បានធ្វើឱ្យចលនាជាតិនិយមកើតឡើង និងបានរួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ចូលរួមបរិច្ចាគ និង ឧបត្ថម្ភនូវស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនដល់វីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិជួរមុខ និងគ្រួសារ ព្រមទាំងបងប្អូនជនភៀសសឹក។

ទន្ទឹមនោះសម្តេចកិត្តិសង្គហបណ្ឌិតបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន និងជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពរបស់កម្ពុជា ។

ក្នុងពិធីសំណេះសំណាលក៏មានការផ្តល់អំណោយជាគ្រឿងហូបចុក សម្ភារៈប្រើប្រាស់ចាំបាច់និងថវិកាមួយចំនួនផងដែរ៕
អត្ថបទ ៖ ឈឹម សុផល
រូបភាព ៖ ថេត វិចិត្រ និង ហេង សម្បត្តិ




