ម៉ាឡេស៊ី គ្រោងបង្កើនកម្លាំងការពារព្រំដែនជាង ១៣,៧០០ នាក់ទប់ទល់សត្រូវឈ្លានពាន
គូឡាឡាំពួ ៖ ម៉ាឡេស៊ីដែលជាប្រទេសជាប់ភូមិផងរបងជាមួយនឹងថៃ គ្រោងបង្កើនកម្លាំងការពារតាមព្រំដែនរហូតដល់ ៥០ ភាគរយបន្ថែមទៀតទៅតាមសំណើររបស់ទីភ្នាក់ងារត្រួតពិនិត្យ និងការពារព្រំដែន ។ បើតាម The Star ចុះផ្សាយនៅថ្ងៃពុធ ។
អគ្គនាយកទីភ្នាក់ងារត្រួតពិនិត្យ និងការពារព្រំដែនម៉ាឡេស៊ី លោក Datuk Seri Mohd Shuhaily Mohd Zain និយាយថា ទីភ្នាក់ងាររបស់លោកត្រូវការបង្កើនកងកម្លាំងសរុបដល់ទៅជាង ១៣,៧០០ នាក់ ខណៈបច្ចុប្បន្នទីភ្នាក់ងារមួយនេះមានមន្ត្រី និងបុគ្គលិកជាង ៦,២០០ នាក់ប៉ុណ្ណោះ ។
លោកថា គោលបំណងដែលទីភ្នាក់ងារត្រួតពិនិត្យ និងការពារព្រំដែនគ្រោងបង្កើនកម្លាំងបែបនេះ គឺដើម្បីការពារខ្សែបន្ទាត់ព្រំដែនប្រទេសខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីប្រឆាំងនឹងសត្រូវឈ្លានពាន ការរត់ពន្ធគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗទៀត ទាំងតាមព្រំដែនគោក សមុទ្រ និងអាកាស ។
លោក Mohd Shuhaily ក៏បានព្រមានដែរថា បើសិនគ្មានការបង្កើនកងកម្លាំងទេ នោះវានឹងបង្កផលពិបាកសម្រាប់ទីភ្នាក់ងារការពារព្រំដែន ដើម្បីសម្រេចបានយ៉ាងពេញលេញនូវគោលដៅរបស់រដ្ឋាភិបាល ក្នុងការធានាសន្តិសុខព្រំដែន និងរក្សាសុវត្ថិភាពរបស់ប្រជាជនម៉ាឡេស៊ី ។
ម៉ាឡេស៊ី និងថៃ មានព្រំដែនជាប់គ្នាចម្ងាយ ៦៤០ គីឡូម៉ែត ដែលត្រូវបានក្រុមឧក្រិដ្ឋជន ប្រើសម្រាប់រត់ពន្ធថ្នាំញៀន អាវុធ និងការជួញដូរ ។
ព្រំដែនរវាងប្រទេសទាំងពីរ ក៏ជាចំណុចឆ្លងកាត់យ៉ាងមមាញឹករបស់ឧក្រិដ្ឋជនរត់ពន្ធមនុស្ស និងគ្រឿងញៀន ហើយក្លាយជាមូលដ្ឋានក្រុមភេរវករជ្រុលនិយម ដែលប្រើទីតាំងព្រំដែន សម្រាប់ធ្វើសកម្មភាពលើទឹកដីថៃ ។ នេះបើតាមរ៉យទ័រ ៕
ប្រភព ៖ The Star និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា