ឆ្នាំក្រោយ ជប៉ុន គ្រោងចំណាយ ៥៨ ពាន់លានដុល្លារពង្រឹងវិស័យការពារជាតិ ទប់ទល់ ចិន
តូក្យូ ៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃពុធនេះគ្រោងស្នើសុំកញ្ចប់ថវិកាដ៏ធំមិនធ្លាប់មានដល់ទៅ ៥៨.១២ ពាន់លានដុល្លារ ដើម្បីពង្រឹងវិស័យការពារជាតិនៅឆ្នាំក្រោយ ខណៈជម្លោះការទូតជាមួយចិនកាន់តែឡើងកំដៅ ។
បើតាមទូរទស្សន៍ជាតិជប៉ុន NHK, ថវិកាប្រហែល ១,១៤0 លានដុល្លារ នឹងត្រូវចំណាយលើការធ្វើទំនើបកម្មមីស៊ីល Type-12 ដែលជាប្រភេទមីស៊ីលបាញ់ចេញពីដីគោកវាយប្រហារនាវាចម្បាំងគ្រប់ប្រភេទ ។
ចំណែកថវិកាប្រមាណ ១៩៣ លានដុល្លារ នឹងត្រូវចំណាយលើការបញ្ជាទិញអាវុធមានល្បឿនលឿនជាងសំឡេង ដែលប្រព័ន្ធខែលការពារមីស៊ីល ពិបាករកឃើញ និងស្ទាក់ចាប់ ។ រីឯថវិកាប្រហែល ១ ពាន់លានដុល្លារ នឹងត្រូវចំណាយទៅលើការអភិវឌ្ឍន៍យន្តហោះចម្បាំងជំនាន់ក្រោយ ។
ដោយឡែក ថវិកាប្រហែល ៦ លានដុល្លារទៀត នឹងត្រូវចំណាយលើការធ្វើតេស្តហោះហើរនៃកងយន្តហោះដ្រូន ដើម្បីផ្ទៀងផ្ទាត់ពីសមត្ថភាពរបស់ពួកគេក្នុងការឆ្លើយតបទៅនឹងការរំលោភលើដែនអាកាសរបស់ជប៉ុនពីសំណាក់សត្រូវ ។
បើតាមទីភ្នាក់ងារព័ត៌មាន AP, ជប៉ុន តែងតែបង្ហាញពីក្តីបារម្ភអំពីបញ្ហាសន្តិសុខរបស់ខ្លួន ជុំវិញជម្លោះ និងការទាមទារដែនកោះជាមួយចិន ស្របពេលដែលតាំងពីចប់សង្គ្រាមលោកទី ២ មក ជប៉ុនមានសិទ្ធិត្រឹមតែអាចពង្រឹងវិស័យការពារជាតិក្នុងលក្ខខណ្ឌសម្រាប់ការការពារខ្លួនប៉ុណ្ណោះ ។
ប៉ុន្តែក្នុងឆ្នាំ ២០២២ គោលនយោបាយថ្មីស្រឡាងមួយត្រូវបានផ្លាស់ប្តូរ ក្រោយពេលមានការប្រកាសថា ចិន គឺជាបញ្ហាប្រឈមធំបំផុតសម្រាប់សន្តិសុខជាតិ និងបានប្រកាសអំពីផែនការជាយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំ ដើម្បីពង្រឹងសមត្ថភាពការពារជាតិយ៉ាងខ្លាំងក្លាមួយ ក្រោមការគាំទ្រជាសម្ព័ន្ធភាពជាមួយអាមេរិក ៕
ប្រភព ៖ NHK និង AP ប្រែសម្រួល ៖ ឈឹម ទីណា