វត្ថុបុរាណខ្មែរចំនួន ១៣រូប វិលត្រឡប់មកប្រទេសកំណើតវិញ
ភ្នំពេញ៖ កម្ពុជាបានប្រកាសស្វាគមន៍ការប្រគល់មកវិញនៃវត្ថុបុរាណខ្មែរ ចំនួន១៣រូប
ពីសារមន្ទីរសិល្បៈអាស៊ី សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក។
អាន៖ យោងតាមសេចក្តីប្រកាសជូនព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានកិត្តិយសបានឲ្យដឹងថា សារមន្ទីរសិល្បៈអាស៊ីសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក (Asian Art Museum of San Francisco)បានសម្រេចប្រគល់វត្ថុបុរាណខ្មែរចំនួន១៣រូបជូនមក កម្ពុជាវិញ។
ការសម្រេចជាផ្លូវការនេះធ្វើឡើងបន្ទាប់ពីគណៈកម្មការសិល្បៈអាស៊ី
បានបោះឆ្នោតយល់ព្រមជាឯកច្ឆន្ទ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា វត្ថុបុរាណខ្មែរដ៏វិចិត្រទាំង៣៣រូប បាននាំចេញពីកម្ពុជាដោយខុសច្បាប់ ដែលជាការបំពានលើច្បាប់សហព័ន្ធ និងផ្អែកលើភស្តុតាងនានា ដែលរកឃើញដោយភ្នាក់ងារសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក រួមទាំងក្រុមស្រាវជ្រាវកម្ពុជានិងក្រុមការងារសារមន្ទីរសិល្បៈអាស៊ី។
ក្នុងចំណោមវត្ថុទាំង១៣រូបនេះ មានដូចជា៖ បដិមាជាទេវរូប ព្រះសិរទេពប្រុស ចម្លាក់តោ និងចម្លាក់គ្រឿងបង្គុំប្រាសាទនានា។តាមរយៈការសិក្សាវិភាគលើភស្តុតាង ដោយមន្ត្រីជំនាញសារមន្ទីរ និងក្រុមអ្នកស៊ើបអង្កេតបានបញ្ជាក់ថា វត្ថុទាំងនេះមានជាប់ពាក់ព័ន្ធនឹងបណ្តាញទំនាក់ទំនងជាមួយ លោក ឌូក្លាស ឡាតហ្វដ (Douglas Latchford) ដែលបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសង្គ្រាមស៊ីវិល និងអសន្តិសុខ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់សារមន្ទីរសិល្បៈអាស៊ីនេះ ដោយបានថ្លែងថា”វត្ថុដ៏វិចិត្រដែលប្រគល់មកវិញទាំងនេះគឺជាផ្នែកមួយនៃមរតកវប្បធម៌និងអត្តសញ្ញាណជាតិខ្មែរ ដែលមិនត្រឹមតែជាការស្ដារឡើងវិញនូវការចងចាំផ្នែកវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាការព្យាបាលស្លាកស្នាមរបួសផ្លូវចិត្ត ដែលបន្សល់មករាប់ទសវត្សរ៍ដោយសារសង្គ្រាម និងការបាត់បង់បេតិកភណ្ឌវប្បធម៌ជាតិ”។
លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការចែករំលែកភស្តុតាងអំពីប្រភពដើមនៃវត្ថុ៖ “ក្រសួងសូមវាយតម្លៃខ្ពស់ចំពោះសារមន្ទីរសិល្បៈអាស៊ី ដែលបានបង្ហាញនូវតម្លាភាពក្នុងការចែករំលែកព័ត៌មានជាមួយកម្ពុជា អំពីប្រភពដើមនៃវត្ថុ និងឯកសារពាក់ព័ន្ធនានា។ ការបើកទូលាយនេះពិតជាមានសារៈសំខាន់ណាស់ដែលផ្តល់លទ្ធភាពឱ្យយើងអាចបង្ហាញការពិតអំពីប្រវត្តិនៃសម្បត្តិវប្បធម៌ និងអាចស្វែងរកយុត្តិធម៌ក្នុងករណីនេះ។ នៅពេលដែលស្ថាប័នពាក់ព័ន្ធទាំងអស់អាចចែករំលែកភស្តុតាង និងព័ត៌មានអំពីប្រភពដើមដោយចំហ និងដោយស្មោះត្រង់ វាពិតជាជួយជំរុញដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារឡើងវិញនូវបេតិកភណ្ឌវប្បធម៌ដ៏ពិសិដ្ឋរបស់កម្ពុជា ដែលជាម្ចាស់នៃមរតកទាំងនោះ”៕
ដោយ៖ម៉ាដេប៉ូ






