សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបន្តជួយវេចខ្ចប់ស្បៀង និងសម្ភារៈផ្សេងៗ សំរាប់បញ្ជូនទៅជួយប្រជាជនភៀសសឹក

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវជាភរិយាថ្នាក់ដឹកនាំមួយចំនួនទៀត នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានបន្តអញ្ជើញចូលរួមសកម្មភាពវេចខ្ចប់ស្បៀង និងសម្ភារៈផ្សេងៗ សម្រាប់បញ្ជូន ទៅជួយដល់ប្រជាជនភៀសសឹក ដែលបាននិងកំពុងជម្លៀសខ្លួនមកកាន់ជំរុំសុវត្ថិភាពនានាតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថែ ។

វត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាការលើកទឹកចិត្តដ៍ធំធេង ចំពោះប្រជាពលរដ្ឋ ជាពិសេសយុវជន ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយ-ចិត្ត ក្នុងការបំពេញការងារដ៍មានតម្លៃបំផុត ក្នុងសកម្មភាពមនុស្សធម៌ជួយប្រជាជនភៀសសឹក។

គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចំនួន ៥ពាន់កញ្ចប់ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានក្រុមការងារវេចខ្ចប់រួច និងបញ្ជូនទៅកាន់ជំរុំសុវត្ថិភាព ជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃទី១៤ធ្នូ ដើម្បីចែកជូនប្រជាពលរដ្ឋភៀសសឹក។

ដោយឡែក ថ្ងៃទី១៥ និងទី១៦ ខែធ្នូ ឆ្នាំ២០២៥ អំណោយ ៨ពាន់កញ្ចប់ទៀត ដែលជាអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវ ពេជ ចន្ទមុន្នី ដដែល ត្រូវបានដឹក ជញ្ជូនទៅចែកដល់បងប្អូនជនភៀសសឹកនៅតាមបណ្ដាជំរំសុវត្ថិភាពជាបន្តបន្ទាប់ផងដែរ។

គិតត្រឹមថ្ងៃទី១៦ធ្នូ អំណោយរបស់ថ្នាក់ដឹកនាំចំនួន ២២ ៦០០កញ្ចប់ ត្រូវបានចែកជូនដល់ដៃប្រជាជនភៀសសឹកចំនួន ២២ ៦០០គ្រួសារ។ អំណោយទាំងនេះ គឺឆ្លើយតបចំពោះតម្រូវការចាំបាច់របស់ប្រជាជនភៀសសឹក។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានកោតសរសើរចំពោះទឹកចិត្ត ក្មួយៗ កូនៗ និងចៅៗ ទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត និងពេលវេលា មកចូលរួមក្នុងសកម្មភាពវេចខ្ចប់ស្បៀង និងសម្ភារៈនាពេលនេះ។ ទង្វើដ៍ប្រពៃថ្លៃថ្លានេះបានបង្ហាញពីទឹកចិត្តមនុស្សធម៌ និងចលនារួមសាមគ្គីគ្នារវាងប្រជាសាស្រ្តខ្មែរគ្រប់ស្រទាប់វណ្ណៈ ដើម្បីជួយគ្នាក្នុងគ្រាសន្ន។ កម្លាំងចលករសមរភូមិក្រោយដ៍រឹងមាំ គឺជាចន្ទុលលើកទឹកចិត្តដល់សមរភូមិមុខ ឲ្យកាន់តែមានថាមពលរឹងមាំ ការពារដែនអធិបតេយ្យភាពរបស់ជាតិយើង៕
ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner