លោក ពូទីន ថា ប្រតិបត្តិការយោធាពិសេសប្រឆាំងអ៊ុយក្រែន នឹងជោគជ័យ
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសក្តែងៗថា គោលដៅ នៃប្រតិបត្តិការយោធាពិសេស ហៅកាត់ (SMO) របស់រុស្ស៊ី នឹងទទួលជោគជ័យ ខណៈកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននៅមិនទាន់ឈានដល់ ។
បើតាមសារព័ត៌មានស៊ីនហួរ, កំឡុងកិច្ចប្រជុំក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃពុធ លោកប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ថា ឆ្នាំមុន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់បំពេញប្រតិបត្តិការយោធាពិសេស ។
តួយ៉ាង គិតត្រឹមឆ្នាំនេះ ទីតាំងជាង ៣០០ ត្រូវបានរំដោះ រួមទាំងទីក្រុងធំៗដែលសត្រូវបានប្រែក្លាយទៅជាបន្ទាយ ដែលមានកំពែងរឹងមាំ បំពាក់ដោយរចនាសម្ព័ន្ធការពាររយៈពេលវែង ។
មេដឹកនាំរុស្ស៊ីរូបនេះ ក៏បានប្រកាសដែរថា នាវាមុជទឹក និងនាវាចម្បាំងជាច្រើនគ្រឿង ត្រូវបានដាក់បម្រើសេវាទៅក្នុងជួរកងទ័ពជើងទឹករុស្ស៊ីនៅឆ្នាំនេះ ខណៈដែលមីស៊ីលរយៈចម្ងាយឆ្ងាយ Oreshnik ក៏នឹងបញ្ជូនទៅបំពេញកាតព្វកិច្ចប្រយុទ្ធនៅចុងឆ្នាំ ២០២៥ ផងដែរ ។
បើតាមរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក អាន់ឌ្រី បេឡូសូវ ប្រាប់កិច្ចប្រជុំមន្ត្រីការពារជាតិ, នៅឆ្នាំ២០២៥នេះ រុស្ស៊ីវាយដណ្តើមយកទឹកដីអ៊ុយក្រែនបានច្រើនជាងឆ្នាំ២០២៤ ដល់ទៅមួយភាគបី ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

