កម្មវិធីដើរដើម្បីសន្តិភាព នៅរសៀលថ្ងៃនេះនឹងមាន​មហាជន​ចូលរួមរាប់ម៉ឺននាក់

ភ្នំពេញ៖កម្មវិធីដើរដើម្បីសន្តិភាព (March for Peace) នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥​នឹងមានមហាជន​ចូលរួមរាប់​ម៉ឺននាក់ ។កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីស្មារតី​ស្រឡាញ់សន្តិភាព​របស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេស​ជំរុញឱ្យមានការគោរពបទឈប់បាញ់ និង កិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបាន​សន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរា​ជាណាចក្រថៃ ។

នេះបើតាមការបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមាន​សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្រោមអធិបតី​ភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពី​ព្រឹក​ថ្ងៃទី១៨ ខែធ្នូ នេះនៅសាលារាជធានីភ្នំពេញ។ កិច្ចប្រជុំក៏មាន​ការអញ្ជើញចូលរួមពីឯកឧត្ដម សុខ សប្បាយណា រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធា​រណៈនិងជាសមាជិកគណៈ​អចិន្រ្តៃយ៍ សហភាព​សហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)តំណាងឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីមុខ​ងារ​សាធារណៈនិង​ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។

ឯកឧត្ដម ឃួង ស្រេង លើកឡើងថា៖ កិច្ចប្រជុំ​នេះ​​ធ្វើឡើង​ដើម្បីរៀបចំ សន្តិសុខ សណ្ដាប់​ធ្នាប់​សាធារណៈនៅក្នុងពិធីដើរ​ដើម្បីសន្តិភាព (March for Peace)ឱ្យបានល្អប្រសើរមិនមាន​អ្វី​រាំង​ស្ទះ។ឯកឧត្តមស្នើឱ្យអាជ្ញាធរនិងកម្លាំង​គ្រប់ប្រភេទទាំងអស់ ការពារសន្តិសុខឱ្យបានល្អបំផុត ជាមួយនឹង​ការ​ពិនិត្យឡើងវិញ ចំពោះការដាក់ទង់ជាតិនៅ​តាម​ទីសាធារណៈពិសេសជុំវិញ​កន្លែងប្រារព្ធពិធីដើម្បីធានាសន្តិសុខ សុវត្ថិភាព សម្រាប់មហាជន​អ្នកចូលរួម។

ឯកឧត្ដម សុខ សប្បាយណា បានលើកឡើង​ថា ការរៀចំកម្មវិធី ដើរដើម្បីសន្តិភាព (March for Peace)នឹងមានមហាជន​ចូលរួម៣​ម៉ឺននាក់។ឯកឧត្តមបន្តថា មិនមែនយើងខ្លាចគេឬយើងទន់ខ្សោយ​នោះទេតែយើងចង់បញ្ជាក់ថាយើងទាំងអស់គ្នាចង់​បាន​សន្តិ​ភាព មិនចង់ឃើញការបំផ្លិចបំផ្លាញ វិនាស​កម្ម និងការបាត់បង់អាយុជីវិត​ទាំងសង​ខាង​ដោយ​សារសង្គ្រាម ព្រោះ នេះជាអ្វីដែលកម្ពុជាធ្លាប់បាន​ឆ្លងកាត់រួចហើយ៕


អត្ថបទ ៖ ឈឹម សុផល
រូបភាព ៖ ថេត វិចិត្រ និង ហេង សម្បត្តិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner