អគ្គនាយកដ្ឋានពន្ធដារនាំយកអំណោយសង្គ្រោះបន្ទាន់ជូនពលរដ្ឋភៀសសឹក១ ០០០គ្រួសារនៅខេត្តសៀមរាប
សៀមរាប៖កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ ដឹកនាំដោយ ឯកឧត្តម រ័ត្ន មុន្នី អគ្គនាយករងតំណាង ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគចែកជូនគ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកចំនួន ១ ០០០ គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាពវត្តសំពៅលូន ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ក្នុងឳកាសជួបសំណេះសំណាល ឯកឧត្ដម រ័ត្ន មុន្នី បានថ្លែងថា ក្រុមការងារអគ្គនាយកដ្ឋានពន្ធដារតែងតែរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក។ អំណោយដែលបាននាំមកនាពេលនេះ គឺជាតម្រូវការចាំបាច់បំផុតសម្រាប់ការស្នាក់នៅបណ្ដោះអាសន្ន។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងព្រះគ្រូចៅអធិការវត្តសំពៅលូន ដែលបានសម្របសម្រួលជម្រក សេវាទឹក-ភ្លើង និងការរស់នៅជូនបងប្អូនបានល្អប្រសើរ។
ក្រៅពីគ្រឿងឧបភោគបរិភោគ ឯកឧត្តម និងលោកជំទាវ ក៏បានបន្ថែមអំណោយពិសេសដល់ក្រុមជនងាយរងគ្រោះចំនួន ១៤០នាក់ (គ្រួសារកងទ័ព ស្ត្រីមានផ្ទៃពោះ កុមារ និងជនពិការ) ដោយក្នុងមួយគ្រួសារទទួលបានថវិកា ១០ម៉ឺនរៀល និងភួយ១ ព្រមទាំងផ្តល់ឱសថចាំបាច់ដល់មណ្ឌលសុខភាពក្នុងតំបន់ផងដែរ។
លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា គិតត្រឹមថ្ងៃនេះ (១៩ធ្នូ)ខេត្តសៀមរាបបានទទួលបងប្អូនភៀសសឹកសរុបប្រមាណ ១៣៣,៣០០នាក់ហើយ។ លោកស្រីបានបញ្ជាក់ជូនគ្រួសារភៀសសឹកទាំងអស់ថា
ការសិក្សារបស់កុមារនិងសិស្សានុសិស្សទាំងអស់ អាចចូលរៀននៅតាមសាលារៀនគ្រប់កម្រិតក្នុងមូលដ្ឋានស្រុកក្រឡាញ់។បងប្អូនដែលមានជំងឺ ឬស្ត្រីសម្រាលកូន អាចទទួលសេវាព្យាបាលដោយឥតគិតថ្លៃនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដោយគ្រាន់តែប្រើប្រាស់ “បណ្ណភៀសសឹក”។
តាមការបញ្ជាក់របស់ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បច្ចុប្បន្ននៅក្នុងស្រុកមានមណ្ឌលសុវត្ថិភាពចំនួន ១៧កន្លែង ដែលកំពុងផ្តល់ជម្រកដល់គ្រួសារភៀសសឹកចំនួន ៧,៥៤៩គ្រួសារ (ស្មើនឹង ២២,៨៣៤នាក់)។ ការជួយឧបត្ថម្ភទាន់ពេលវេលានាពេលនេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព និងវប្បធម៌ចែករំលែកដ៏រឹងមាំរបស់ខ្មែរយើងក្នុងគ្រាជួបការលំបាក៕








ដោយ ៖ប៊ុន រដ្ឋា