មជ្ឈមណ្ឌលផលិតភាពជាតិ រៀបចំក្រុមការងារចេញវិញ្ញាបនបត្ររបស់អង្គការ APO លើសមត្ថភាព នៃអ្នកអនុវត្តផលិតភាពនៅក្នុងប្រទេសកម្ពុជា

អត្ថបទដោយ៖
Sophol Kung

មជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម បាននិងកំពុងរៀបចំវគ្គបណ្តុះបណ្តាលមួយ ដល់មន្ត្រីរបស់ខ្លួន លើសមត្ថភាពជាអ្នកប្រឹក្សាយោបល់ គ្រូបង្គោល និងអ្នកស្រាវជ្រាវ ទៅលើការអនុវត្តផលិតភាពនៅប្រទេសកម្ពុជា ក្រោមការគាំទ្រដោយអង្គការផលិតភាពអាស៊ី APO ។ វគ្គបណ្តុះបណ្តាលបង្កើតក្រុមការងារនេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដែលមានអ្នកជំនាញការបរទេស ពីអង្គការ APO គឺលោក Md Zainuri Juri និងលោក Alex Fung Yap មកពីប្រទេសម៉ាឡេស៊ី ជាអ្នកដឹកនាំអនុវត្តលើការបង្កើតក្រុមវាយតម្លៃ និងផ្តល់វិញ្ញាបនបត្រ នៅក្នុងមជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត ។

លោក អ៊ុ សេរីវុទ្ធ ប្រធានមជ្ឈមណ្ឌលផលភាពជាតិ នៃក្រសួងឧស្សាហកម្ម បានថ្លែងពីគោលបំណងចំបងនៃការបង្កើតក្រុមការងារនេះ ត្រូវបានគេបញ្ជាក់ថា ដើម្បីបង្កើនសមត្ថភាពដល់មន្ត្រីពាក់ព័ន្ធលើការទទួលស្គាល់សមត្ថភាពរបស់ អ្នកអនុវត្តផលិតភាពទៅដល់វិស័យរដ្ឋ និងឯកជននៅក្នុងប្រទេសកម្ពុជាប្រកបដោយប្រសិទ្ធភាព ។ គោលបំណងមួយទៀត គឺដើម្បីផ្សព្វផ្សាយទៅដល់ទីសាធារណៈ ទៅលើការផ្តល់សេវាទទួលស្គាល់អ្នកអនុវត្តផលិតភាពរួមមាន៖ អ្នកប្រឹក្សាយោបល់ គ្រូបណ្តុះបណ្តាល និងអ្នកស្រាវជ្រាវ លើផ្នែកផលិតភាពនៅក្នុងប្រទេសកម្ពុជា ។


កម្ពុជា ដែលជាសមាជិកនៃអង្គការផលិតភាពអាស៊ី APO មួយផងដែរ ក្នុងចំណោមប្រទេសចំនួន ២០ផ្សេងទៀតនៅអាស៊ីទាំងមូល ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមនោះ មានប្រទេសចំនួន១២ហើយ ត្រូវបានបង្កើតក្រុមការងារចេញវិញ្ញាបនបត្ររបស់ខ្លួននៅក្នុងមជ្ឈមណ្ឌលផលិតភាពជាតិរបស់ប្រទេសនីមួយៗ និងត្រូវបានទទួលស្គាល់ជាផ្លូវការដោយអង្គភាពវាយតម្លៃទទួលស្គាល់ពី APO រួចរាល់ ។

នៅជាមួយគ្នានោះ មជ្ឈមណ្ឌលផលិតភាពជាតិ ដើម្បីឈានទៅវឌ្ឍនភាព នៃសម័យកាលបច្ចុប្បន្ន នៅក្នុងការលើកកម្ពស់ចលនាផលិតភាពនៅកម្ពុជា ផ្អែកលើការពង្រឹងសមត្ថភាពរបស់ស្ថាប័ន ស្របនឹងយុទ្ធសាស្ត្របញ្ជាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បានស្នើសុំអង្គការផលិតភាពអាស៊ី ក្នុងការរៀបចំក្រុមការងារចេញវិញ្ញាបនបត្ររបស់អង្គការផលិតភាពអាស៊ី លើសមត្ថភាព នៃអ្នកអនុវត្តផលិតភាពនៅក្នុងប្រទេសកម្ពុជា ប្រកបដោយគុណភាព ៕

ads banner