អ៊ុយក្រែន ណាត់ជួបចរចាជាមួយ ចិន ដល់ទីក្រុងប៉េកាំង

ប៉េកាំង៖ អ្នកការទូតជាន់ខ្ពស់របស់ប្រទេសអ៊ុយក្រែន លោក Sergey Kyslytsya បានប្រកាសទៅដល់ទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីត្រៀមជួបចរចាជាមួយមន្ត្រីចិន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា លោក Kyslytsya នឹងជួបជាមួយអ្នកការទូតចិន រួមជាមួយនឹងលោក David Perdue ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងប៉េកាំងផងដែរ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតពីការពិភាក្សាទាក់ទងនឹងរឿងសំខាន់ៗអ្វីខ្លះនោះទេ ។

បើតាម CNA, នេះគឺជាដំណើរទស្សនកិច្ច និងគម្រោងណាត់ជួបដ៏កម្រ រវាងមន្ត្រីទីក្រុងកៀវ និងទីក្រុងប៉េកាំង ដោយសារតែប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់រុស្ស៊ី ។

ចិនប្រកាន់ជំហរអព្យាក្រឹត លើសង្រ្គាម រវាងរុស្ស៊ីនិងអ៊ុយក្រែន ហើយមិនដែលថ្កោលទោសការឈ្លានពាន របស់ទីក្រុងម៉ូស្គូនោះឡើយ ។ ទីក្រុងប៉េកាំង តែងតែអំពាវនាវ ឱ្យមានកិច្ចចរចាសន្តិភាព និងគោរពបូរណភាពទឹកដី នៃប្រទេសទាំងអស់ ។

ប៉ុន្តែលោកខាងលិច បានចោទប្រកាន់ទីក្រុងប៉េកាំងថា បានផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ចដ៏សំខាន់ដល់រុស្ស៊ី សម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាម ជាពិសេសបានចោទចិនថា បានផ្គត់ផ្គង់គ្រឿងបន្លាស់យោធា សម្រាប់ឧស្សាហកម្មការពារជាតិ របស់រុស្ស៊ី ទៀតផង ៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner