បេឡារុស ដាក់ពង្រាយមីស៊ីលលឿនជាងសំឡេង ១០ ដងរបស់ រុស្ស៊ី កម្លាអឺរ៉ុប

មីនស្កិ៍ ៖ ប្រទេសបេឡារុសបានប្រកាសដាក់ពង្រាយមីស៊ីលផ្លោងល្បឿនលឿនជាងសំឡេង ១០ ដងរបស់រុស្ស៊ី នៅលើទឹកដីរបស់ខ្លួន ដើម្បីប្រុងជើងការសម្រាប់ការវាយប្រហារទៅលើសត្រូវ ។ នេះបើតាមទូរទស្សន៍ជាតិជប៉ុន NHK រាយការណ៍នៅថ្ងៃសុក្រនេះ ។

លោក Alexander Lukashenko ប្រធានាធិបតីបេឡារុសអះអាងថា មីស៊ីលដ៏កំណាចរបស់រុស្ស៊ីដែលបេឡារុសដាក់ពង្រាយនេះមានឈ្មោះ Oreshnik ។ លោកថា មីស៊ីល Oreshnik បានដឹកជញ្ជូនមកដល់ទឹកដីប្រទេសបេឡារុសរួចរាល់អស់ ។

Oreshnik គឺជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យមរបស់រុស្ស៊ី ដែលអាចបំពាក់ទាំងក្បាលគ្រាប់ធម្មតា និងនុយក្លេអ៊ែរ ។ វាមានសមត្ថភាពវាយប្រហារគោលដៅសត្រូវក្នុងល្បឿនលឿនជាងសំលេងចំនួន ១០ ដងជាមួយនឹងរយៈចម្ងាយហោះហើរដល់ប្រហែល ៥,៥០០ គីឡូម៉ែត្រ ។

ក្រុមអ្នកសង្កេតការណ៍និយាយថា ការដាក់ពង្រាយមីស៊ីល Oreshnik នៅក្នុងទឹកដីនៃប្រទេសដែលជាសម្ព័ន្ធមិត្តដែកថែបរបស់រុស្ស៊ីមួយនេះ ទំនងជាមានគោលបំណងដាស់តឿនដល់រដ្ឋជាសមាជិកក្នុងប្លុកអឺរ៉ុប ដែលរឹងទទឹងចំពោះដោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ។

តួយ៉ាង កាលពីឆ្នាំមុន កងទ័ពរុស្ស៊ីក៏បានប្រើប្រាស់មីស៊ីលដ៏កំណាចមួយនេះជាលើកដំបូងផងដែរ ដើម្បីវាយប្រហារទីក្រុង Dnipro នៅភាគខាងកើតប្រទេសអ៊ុយក្រែន ។ ស្របពេលជាមួយគ្នានេះ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រកាសដូចគ្នាថា មីស៊ីល Oreshnik ក៏នឹងដាក់ចូលសមរភូមិប្រយុទ្ធនៅមុនដំណាចឆ្នាំ ២០២៥ ផងដែរ ។ នេះបើតាមសារព័ត៌មាន RT ៕

ប្រភព ៖ NHK និង RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner