កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានចាប់ផ្តើមនៅថ្ងៃចន្ទទី២២ ធ្នូ
ភ្នំពេញ៖កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្ដីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទទី២២ ខែធ្នូ ឆ្នាំ២០២៥នេះនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ខណៈក្រសួងការបរទេសកម្ពុជាបានប្រកាសជាផ្លូវការថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននេះដោយផ្ទាល់។មុននេះកិច្ចប្រជុំពិសេសបានគ្រោងនឹងប្រព្រឹត្តទៅកាលពីថ្ងៃទី១៦
ខែធ្នូ តែត្រូវបានពន្យាពេលវិញ។
ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថាកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្ដីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ធ្វើឡើងតបតាមការសម្រេចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។
កិច្ចប្រជុំពិសេសនេះនឹងពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ក្នុងគោលដៅបង្កើនការយោគយល់ពីគ្នា និងជំនឿទុកចិត្តទៅវិញទៅមកជំរុញការបន្ថយភាពតានតឹង និងស្តារឡើងវិញនូវសន្តិភាព ស្ថិរភាពនិងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ។
ជាមួយនឹងសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងការបរទេសកម្ពុជាបានបង្ហាញជំហរសម្រាប់កិច្ចប្រជុំដ៏មានសារៈសំខាន់និងបន្ទាន់នេះថា កម្ពុជានឹងបញ្ជាក់ជាថ្មីឡើងវិញនូវគោលជំហរយ៉ាងមុតមាំរបស់ខ្លួនក្នុងការដោះស្រាយទំនាស់និងជម្លោះទាំងឡាយ តាមគ្រប់មធ្យោបាយសន្តិវិធី ការសន្ទនា និងផ្លូវការទូតស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
ជាការកត់សម្គាល់កិច្ចប្រជុំពិសេសទីក្រុងគូឡាឡាំពួនៅថ្ងៃចន្ទនេះ បានកើតឡើងបន្ទាប់ពីប្រទេសចិនបានលូកដៃអន្តរាគមន៍ ពុំធ្លាប់មាន បន្ទាប់ពីសហរដ្ឋអាមេរិកបាននាំមុខជំរុញឱ្យប្រទេសទាំងពីរវិលទៅរកការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា-ថៃ។នាចុងសប្ដាហ៍គឺនៅថ្ងៃទី១៨ ខែធ្នូលោក តេង ស៊ីយុន ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី ក្រសួងការបរទេសចិនបានធ្វើដំណើរមកកាន់ប្រទេសថៃនិងកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយកម្ដៅ និងបញ្ចប់ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ។
បើតាមក្រសួងការបរទេសកម្ពុជាឱ្យដឹងថា នៅទីក្រុងភ្នំពេញកាលពីថ្ងៃទី១៩ ខែធ្នូ ប្រេសិតពិសេសចិនបានជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងបានជួបពិភាក្សាយ៉ាងទូលំទូលាយជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស , ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមបញ្ហាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
បង្ហាញក្នុងជំនួបពិភាក្សាខាងលើភាគីទាំងពីរបានគូសបញ្ជាក់អំពីភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់ជាបន្ទាន់ដោយឥតបង្អែរបង្អង់ និងបានសង្កត់ធ្ងន់ថា ការសន្ទនាដោយសន្តិវិធីនៅតែជាមាគ៌ាតែមួយគត់ដែលអាចឈានទៅសម្រេចបាននូវការដោះស្រាយទំនាស់ ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាប់ប្រេសិតពិសេសចិនដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរព និងអនុវត្តយ៉ាងពេញលេញនូវក្របខ័ណ្ឌទ្វេភាគី និងយន្តការដែលបានព្រមព្រៀងគ្នា ដែលនៅតែជាឧបករណ៍ដ៏សំខាន់សម្រាប់ដោះស្រាយទំនាស់ និងសម្រេចបាននូវដំណោះស្រាយយុត្ដិធម៌ យូរអង្វែង ប្រកបដោយចីរភាព និងសន្តិភាព ស្របតាមច្បាប់អន្តរជាតិ។
នៅថ្ងៃទី២១ ខែធ្នូ នេះដែរមុនកិច្ចប្រជុំពិសេសដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែក ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានជួបសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ កម្ពុជា-ថៃ។ជំនួបផ្ទាល់តាមទូរសព្ទឯកឧត្តម អាន់វ៉ា បានពិភាក្សាផ្លាស់ប្តូរយោបល់ ដើម្បីធ្វើជាទុនក្នុងការសម្របសម្រួលពិចារណាទៅលើវិធីសាស្ត្រសមស្រប និងបន្ទាន់បំផុតក្នុងការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ក៏ដូចជាបានបញ្ជាក់ឡើងវិញអំពីសារៈសំខាន់ ដែលកម្ពុជា និងថៃ ដោយឈរលើស្មារតីនៃការចរចា និងគោរពគ្នាទៅវិញទៅមក ដើម្បីបញ្ចប់ភាពតានតឹង និងថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។លោកថានៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្អែកនេះ គឺជាវេទិកាប្រកបដោយភាពសមស្រប ស្ថាបនា និងបើកចំហសម្រាប់ប្រទេសទាំងពីរ ក្នុងការចរចា និងរកដំណោះស្រាយប្រកបភាពយុត្តិធម៌ និងចីរភាព។
កម្ពុជាត្រូវបានគេមើលឃើញថា បានក្លាយជាប្រទេសរងគ្រោះដោយសារសកម្មភាពឈ្លានពានជាថ្មីដោយកងយោធាថៃ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ។ជាសកម្មភាពដែលទាត់ចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៦ ខែតុលា នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីដោយមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន។
គិតមកដល់ល្ងាចថ្ងៃអាទិត្យទី២១ ខែធ្នូ យោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារប្រើប្រាស់អាវុធធុនធ្ងន់ បាញ់ថ្នាំពុលរួមទាំងយន្តហោះចម្បាំងផង ផ្លោងចូលទីតាំង ប្រជាជនស៊ីវិលកម្ពុជា ,ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងប្រាសាទព្រះវិហារដ៏កំរោល ដោយមិនរើសគោលដៅចូលជ្រៅមកក្នុងដែនអធិបតេយ្យកម្ពុជា។ គិតត្រឹមថ្ងៃទី២០ ខែធ្នូ ប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ១៩នាក់ (ទារក១នាក់) និងរងរបួសចំនួន ៧៩នាក់ជាមួយនឹងពលរដ្ឋខ្មែរភៀសសឹកប្រមាណកន្លះលាននាក់៕
ដោយ៖មុនី
រូបថត៖ប្រេសិតពិសេសចិនជួបពិភាក្សាជាមួយជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស កាលពីថ្ងៃទី១៩ ធ្នូ ២០២៥(រូបថត៖ក្រសួងការបរទេស)

