រដ្ឋមន្រ្តីបរិស្ថាននាំយកអំណោយទៅជូនដល់ជនភៀសសឹក ដែលកំពុងស្នាក់នៅ​ខេត្តសៀមរាប

សៀមរាប៖ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំង​ថ្នាក់ដឹកនាំក្រសួង សាខាសមាគមនារីកម្ពុជា​ដើម្បីសន្តិភាព​និងអភិវឌ្ឍន៍​ក្រសួង សហភាពសហព័ន្ធយុវជនកម្ពុជាក្រសួង រួមជាមួយដៃគូសហការកាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥​ បាននាំយកអំណោយដ៏ថ្លៃថ្លាជាស្បៀងអាហារ និងសម្ភារៈ​ប្រើប្រាស់ទៅជូនភៀសសឹកដែលកំពុងស្នាក់នៅមណ្ឌល
សុវត្ថិភាពនៅខេត្តសៀមរាប។

អំណោយដែលនាំយកមកកាន់ខេត្តសៀមរាប ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈក្រសួងបរិស្ថាន មកប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីបន្តយកទៅចែកជូន​ដល់វីរកងទ័ព​ជួរមុខ និងជនភៀស​សឹកពីសង្រ្គាមឈ្លានពានរបស់ប្រទេសថៃមកលើដែនអធិបតេយ្យកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត មានប្រសាសន៍ថា អំណោយដែលយើងត្រូវរួមគ្នាជួយនាពេលនេះ គឺជាការ​ឆ្លើយតបក្នុងគ្រាលំបាកខ្វះខាតទាំងឡាយនៅចំពោះមុខ ខណៈដែលខេត្តនៅជាប់ព្រំដែនត្រូវប្រឈមដោះស្រាយជូន​ប្រជា​ពលរដ្ឋជាជនភៀសសឹក នៅតាមព្រំដែន និងគ្រួសារវីរកងទ័ព និងការគាំទ្រដល់វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន កំពុងការពារ​ទឹកដីប្រឆាំងសត្រូវឈ្លានពានតាមព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» សកម្មភាព​នេះក៏បានបញ្ជាក់ឱ្យឃើញថា ទោះខ្មែរយើងស្ថិតក្នុងស្ថានភាពណាក៏ដោយ ក៏យើងមិនដែលបោះបង់គ្នាចោលនោះឡើយ ពោលគឺយើងចេះជួយគ្នាទៅតាមលទ្ធភាពនិងជាការគោរពដឹងគុណចំពោះវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានដែលកំពុងបំពេញកាតព្វកិច្ចការពារទឹកដីប្រឆាំងការឈ្លានពានយ៉ាងឃោរឃៅពីសំណាក់យោធាថៃ។

សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លាដែលបានប្រគល់ជូននាពេលនេះរួមមាន៖ ទឹកសុទ្ធដបធំ. អំបុក អង្ករ មី សំលៀកបំពាក់ ខោអាវ ភួយ ត្រីខ ទឹកសុទ្ធ ទឹកក្រូច នំក្រៀម ដំណាប់ស្វាយ រួមជាមួយគ្រឿងឧបភោគបរិភោគ ជាច្រើនផ្សេងទៀត៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner