យោធាថៃតែងតែយកលេស និងប្រើប្រាស់គ្រប់ឧបាយកលដើម្បីឈ្លានពាន និងបានប្រើ យុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតនៃការបំផ្លិចបំផ្លាញខ្ពស់លើទឹកដីកម្ពុជា
ភ្នំពេញ៖ទង្វើម្តងហើយម្តងទៀតយោធាថៃតែងតែយកលេស និងប្រើប្រាស់គ្រប់ឧបាយកលដើម្បីលាក់កំបាំង ឈ្លានពានរបស់ខ្លួនមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយបំពានយ៉ាងកម្រោលទៅលើច្បាប់អន្តរជាតិ ដែលទង្វើឈ្លានពានរបស់យោធាថៃមកលើកម្ពុជាគឺជាទង្វើដ៏ឃោរ ឃៅ តាមរយៈការប្រើប្រាស់អាវុធ យុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតនៃការបំផ្លិចបំផ្លាញខ្ពស់។នេះជាការថ្លែងលើកឡើងដោយ លោក ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។
ថ្លែងក្នុងឱកាសនៃការធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ លោក ជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតាបានឱ្យដឹងថាយោធាថៃតែងតែប្រើប្រភេទ យន្តហោះចម្បាំង F16 នាវាចម្បាំង កាំភ្លើងធំគ្រប់ប្រភេទ គ្រាប់បែកចង្កោម ផ្សែងពុល ដ្រូនគ្រប់ប្រភេទ រួមនឹងអាវុធធុនធ្ងន់ជាច្រើនទៀតវាយប្រហារមកលើកម្ពុជាដែលអាវុធទាំងនេះគឺមានការបំផ្លាញខ្ពស់
អ្នកនាំពាក្យក្រសួងការពារជាតិអះអាងដែរថា” ពិសេសយោធាថៃតែងវាយប្រហារលើជនស៊ីវិល និងបេតិកភណ្ឌជា សម្បត្តិរបស់មនុស្សជាតិ។ នេះបានបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា ថៃគឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិ ជារដ្ឋដែលបំផ្លាញសន្តិភាព និងសន្តិសុខមិនត្រឹមតែរវាងជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែតំបន់ទាំងមូល ដើម្បីបម្រើមហិច្ឆិតាឈ្លានពានមិនចេះឆ្អែតឆ្អន់របស់ខ្លួនមកលើប្រទេសដែលតូចជាង និងខ្សោយជាង”។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់បន្ថែមថា គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី១៥ហើយដែលយោធាថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចព្រមព្រៀងសន្តិភាព ដែលភាគីទាំងពីរកម្ពុជា-ថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយរហូតមកទល់ពេលនេះយោធាថៃនៅតែបន្តបាញ់ផ្លោងចូលមកក្នុងដែនអធិបតេយ្យរបស់កម្ពុជាដដែល គឺក្នុងចេតនានៃការឈ្លានពានរបស់គេមកលើកម្ពុជា។
លោកជំទាវអ្នកនាំពាក្យ គូសបញ្ជាក់ថា គិតត្រឹមវេលាម៉ោង៦លាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ មានពលរដ្ឋខ្មែរចំនួន១៩នាក់ហើយបានស្លាប់ និង៧៩នាក់ផ្សេងទៀតរងរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃចូលមកក្នុងដែនអធិបតេយ្យរបស់កម្ពុជា៕ដោយ៖ម៉ាដេប៉ូ