អាម៉េរិកអន្តរាគមន៍ជាថ្មី៖រដ្ឋមន្រ្តីការបរទេសទូរសព្ទផ្ទាល់ពិភាក្សា ជាមួយនាយករដ្ឋមន្រ្តីកម្ពុជា

ភ្នំពេញ៖ជាថ្មីម្តងទៀតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិកបានជួបផ្ទាល់ តាមទូរសព្ទជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត​ដើម្បីពិភាក្សាស្ថានភាពតាមបណ្ដាយព្រំដែនកម្ពុជា-ថៃ និងជំរុញការស្តារសន្តិភាពឡើងវិញ​។ក្នុងកិច្ចសន្ទនា​នាយករដ្ឋមន្រ្តី​​បានបញ្ជាក់ជូនប្រមុខការទូត​សហរដ្ឋ​អាម៉េរិក ដែលជាសាក្សីនៃ​សេចកី្ត​ថ្លែងការណ៍សន្តិភាពទីក្រុងគូឡាឡាំពួថា ​កម្ពុជា​បន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយ​សន្តិវិធីស្របតាមកិច្ចព្រមព្រៀង និងយន្តការ​ដែល​បានឯកភាពគ្នានា​ពេលកន្លងមក ។

លើបណ្ដាញសង្គមផ្លូវការនារំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបាន​បង្ហាញលទ្ធផលនៃពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម ម៉ាកូ រ៉ូប៊ីយូ (Marco Rubio )រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិកនាយប់ថ្ងៃទី ២៥ ធ្នូ ២០២៥ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ជំនួបនេះ ធ្វើឡើងដើម្បីពិភាក្សា​អំពីការវិវត្តសភាពការណ៍​តាមបណ្តោយ​ព្រំដែនកម្ពុជា-ថៃ ក្នុងគោល​បំណង​​ជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់រហ័ស និងការអនុវត្តកិច្ច​ព្រមព្រៀង​សន្តិភាព ដេីម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ ។

សម្ដេចធិបតីបានគូសរំលេចថា ក្នុងជំនួបនេះឯកឧត្តមរដ្ឋមន្ត្រី Rubio បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សហរដ្ឋអាម៉េរិក ចង់ឃើញ​សន្តិភាពស្ថិតស្ថិររវាងកម្ពុជានិងថៃ និងខិតខំជំរុញឱ្យមានបទឈប់​បាញ់ឱ្យបាន​ឆាប់តាម​ដែល​អាចធ្វើទៅបាន។

ប្រាប់ទៅសហរដ្ឋអាម៉េរិកវិញ សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់​ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាម​ស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ។សម្ដេចក៏សង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការ​ជាមួយ​គ្នាស្របតាមកិច្ចព្រមព្រៀងដែលមាន។

ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន
គឺជាតួអង្គសំខាន់នៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងប្រទេសកម្ពុជា និង​ប្រទេសថៃ ដោយលោកទាំងពីបានធ្វើជាសាក្សីនៅក្នុង​ពិធីចុះហត្ថលខានាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។

អះអាងចំពោះកិច្ចខិតខំប្រឹងរបស់ប្រមុខប្រទេសទាំងពីរ អាម៉េរិក ម៉ាឡេស៊ី ,សម្ដេចធិបតី បានប្រាប់រដ្ឋមន្រ្តីការបរទេស​អាម៉េរិកអំពីសុឆន្ទៈពិត​ប្រាកដ​របស់កម្ពុជា គឺបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយ​អនុលោមតាមកិច្ចព្រមព្រៀងនិងយន្តការដែលបានឯកភាព​គ្នានា​ពេល​កន្លងមករួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដើម្បីដោះ​ស្រាយ​បញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាង​ប្រទេស​ទាំងពីរ ។

គួរកត់សម្គាល់កិច្ចសន្ទនារវាងសម្ដេចធិបតីនិងលោករដ្ឋមន្រ្តីការបរទេសអាម៉េរិក មានម្តងរួចទៅហើយ​ក្រោយថ្ងៃទី៧ ខែធ្នូ បន្ទាប់យោធាថៃបាន​បើកការឈ្លានពានមកលើដែន​អធិបតេយ្យ​​កម្ពុជា។

ប្រទេសថៃបានបង្កការផ្ទុះអាវុធជាថ្មីជាលើកទី២ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលមានទ្រង់ទ្រាយធំជាងមុន។កម្លាំង​ប្រដាប់អាវុធថៃ បានបើកការវាយប្រហារយ៉ាងខ្លាំងក្លា និងដោយឥតរើសមុខ ដោយប្រើប្រាស់កាំភ្លើងធំធុនធ្ងន់ យន្តហោះ​ចម្បាំងព្រមទាំងអាវុធ​ដទៃទៀត មកលើប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា នៅតាមបណ្តាខេត្ត​ជាប់ព្រំដែន ដែលបណ្តាលឱ្យ​មានមនុស្សស្លាប់ របួស ភៀសខ្លួន និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ប្រាសាទបុរាណ ទ្រព្យសម្បត្តិរដ្ឋ និងបរិស្ថាន។

ក្នុងព្រឹត្តិការណ៍ដោយឡែកមួយទៀត ក្រុមលេខាធិការដ្ឋាននៃ គណៈកម្មា​ធិការ​ព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានដំណើរការកិច្ចប្រជុំរបស់ខ្លួន​នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន នៃប្រទេសកម្ពុជា ទល់នឹងខេត្ត​ច័ន្ទបុរី នៃប្រទេសថៃ ។កិច្ចប្រជុំនេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ច​ប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែន​ទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។

បើទោះបីជាលទ្ធផលនៃកិច្ចប្រជុំពុំទាន់បានបង្ហាញឱ្យឃើញនៅឡើយក្តី តែអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានប្រាប់ថា កិច្ចប្រជុំ​​នៅ​ថ្ងៃទី២៥ ធ្នូ ដែលជាថ្ងៃទី២ នៃកិច្ចប្រជុំ បានបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យ​មានការបញ្ឈប់​អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាព​ឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរក​ប្រក្រតីភាព​ឡើងវិញ។

សូមជម្រាបថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃGBC ដែលប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូល​រួមសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ ផងដែរ៕

ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner