សហគ្រាសធុនតូច និងមធ្យម បាន និងកំពុងបង្កើតការងារជាច្រើនវិស័យ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា សហគ្រាសធុនតូច និងមធ្យមជាសសរស្តម្ភនៃសេដ្ឋកិច្ចកម្ពុជា ដែលតំណាងឱ្យសហគ្រាសអាជីវកម្មភាគច្រើនលើសលប់ប្រមាណ៩០ភាគរយ នៃសហគ្រាសអាជីវកម្មទាំងអស់ ព្រមទាំងបាន និងកំពុងបង្កើតការងារជាច្រើនវិស័យ ក្នុងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ។
ថ្លែងក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១២ ឆ្នាំ២០២៥ ស្តីពី ការជំរុញការចូលរួមរបស់សហគ្រាសធុនតូចនិងមធ្យមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារនាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត ឃូ វុឍ្ឍី ឧបការីទេសាភិបាល និងជាអគ្គនាយកគោលនយោបាយ និងសហប្រតិបត្តិការអន្តរជាតិនៃធនាគារជាតិនៃកម្ពុជា ថ្លែងថា សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំនេះ បានផ្តល់ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរទស្សនៈលើប្រធានបទការជំរុញការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យម (SME) ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលធ្វើឱ្យ SME អាចត្រូវបានពង្រឹងបន្ថែម ដើម្បីមានតួនាទីរឹងមាំជាងមុន ក្នុងការរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចកម្ពុជា ។
បន្ថែមទៅលើការលើកឡើងរបស់លោកបណ្ឌិត ឃូ វុឍ្ឍី , ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានថ្លែងថា ដោយមើលឃើញពីសារៈសំខាន់ នៃ SME ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយគាំទ្រជាច្រើន ក្នុងគោលដៅជំរុញកំណើនក្នុងវិស័យនេះ ។
ឯកឧត្តមបន្តថា ក្នុងបរិបទបច្ចុប្បន្ន SME ក្នុងគ្រប់វិស័យទាំងអស់ កាន់តែមានតួនាទីសំខាន់ ក្នុងការជួយដល់សេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយការពឹងផ្អែកជាលំដាប់ពីការនាំចូល តាមរយៈការបង្កើនផលិតកម្ម ដើម្បីបំពេញតម្រូវការក្នុងស្រុក, ការពង្រឹងគុណភាពផលិតផលក្នុងស្រុកឱ្យស្របតាមស្តង់ដាអន្តរជាតិ និងការពង្រឹងខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់ ។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា នៅតែប្តេជ្ញាចិត្តធ្វើការជាមួយរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីគាំទ្រ SME ឱ្យបង្កើនការចូលរួមថែមទៀតក្នុងការគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ លើសពីនេះ ការពង្រឹងគុណភាព SME រួមចំណែកបង្កើនភាពធន់ ការរួបរួម និងកសាងវិបុលភាពសង្គមរយៈពេលវែងដល់កម្ពុជាផងដែរ ។
ឯកឧត្តមទេសាភិបាលរងបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា តែងតែចូលរួមចំណែកក្នុងការគាំទ្រការអភិវឌ្ឍ SME តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ឱ្យកាន់តែសម្បូរបែប ការសម្រួលដល់ការបើកគណនីធនាគារ និងការលើកទឹកចិត្តដល់ការផ្តល់ហិរញ្ញប្បទានចំពោះ SME ។ ជាក់ស្តែង ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ថ្លឹងហានិភ័យត្រឹម ៧៥% ប៉ុណ្ណោះ សម្រាប់ឥណទានចំពោះ SME ដែលបានចុះបញ្ជី និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុបានសមស្រប ។ ការណ៍នេះជួយលើកទឹកចិត្តដល់ SME អាចទទួលបានឥណទានកាន់តែច្រើនក្នុងអត្រាការប្រាក់ទាប ។
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤ ឥណទានចំពោះសហគ្រាសធុនតូច និងមធ្យម បានកើនឡើងដល់ប្រមាណ ៨០,៨ទ្រីលានរៀល ដែលស្មើនឹង ២០,១ ប៊ីលានដុល្លារអាម៉រិក និងមានសមាមាត្រប្រមាណ ៣៥ភាគរយ នៃឥណទានចំពោះអាជីវកម្មសរុប ៕






អត្ថបទ៖ វណ្ណលុក, រូប៖ វ៉េង លីមហួត