មូលនិធិគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាបរិច្ចាគថវិកា៣០០លានរៀល ជូនកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ដើម្បីជួយសម្រាលការលំបាកដល់ប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែនមូលនិធិគណៈសង្ឃនាយក គណៈមហា និកាយនៃព្រះរាជាណាចក្រកម្ពុជាបានបរិច្ចាគថវិកាចំនួន ៣០០លានរៀល ជូនកាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការ មនុស្សធម៌ជួយដល់ប្រជាជនភៀសសឹកដែលត្រូវការបន្ទាន់នូវអំណោយជួយសម្រាលការលំបាក។
ពិធីប្រគល់-ទទួលថវិកាដ៏សប្បុរសធម៌នេះប្រព្រឹត្តទៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះប្រធានមូលនិធិគណៈសង្ឃនាយកគណៈមហានិកាយ ជាទីគោរពសក្ការៈ និងអញ្ជើញទទួលដោយលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បាននាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្វាយអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត និងសម្តេចព្រះសង្ឃ-ព្រះសង្ឃគ្រប់ព្រះអង្គ ដែលមានព្រះរាជហឬទ័យ និងទឹកព្រះទ័យប្រកបដោយសទ្ធាជ្រះថ្លាជួយដល់ប្រជាជនភៀសសឹកដែលកំពុងជួបប្រទះនូវការលំបាក តាមរយៈកាកបាទក្រហមកម្ពុជា។
ចំណែកសម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង បានមានព្រះរាជបន្ទូលកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលតែងតែជួយសម្រាលទុក្ខលំបាកដល់ប្រជាជនងាយរងគ្រោះបំផុត ជាពិសេសការយកចិត្តទុកដាក់គិតគូរដល់ទុក្ខលំបាករបស់ប្រជាជនភៀសសឹកជាងកន្លះលាននាក់ ដែលកំពុងត្រូវការឱ្យជួយជាចាំបាច់។ ហេតុដូចនេះទើបមូលនិធិគណៈសង្ឃនៃគណៈមហានិកាយ បានមូលមតិកៀរគរថវិកាពីគណៈសង្ឃគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ជួយដល់ប្រជាជនភៀសសឹក។
សូមជម្រាបជូនថា កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក្នុងការជួយដល់ប្រជាពលរដ្ឋភៀសសឹក ដែលកន្លងមកមានដូចជា ការចុះចែកអំណោយជាស្បៀង-សម្ភារ ជូនប្រជាជនភៀសសឹកជិត ៧ពាន់គ្រួសារ នៅជំរំសុវត្ថិភាពក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ការឧបត្ថម្ភថវិកាបន្ទាន់ចំនួន ២១ម៉ឺនដុល្លារអាម៉េរិក ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានភារកិច្ចពិនិត្យ និងជួយបំពេញបង្គ្រប់ការដោះស្រាយទីជម្រកនៅមណ្ឌលសុវត្ថិភាពនានាដែលមានការខ្វះខាត។ការឧបត្ថម្ភអង្ករចំនួន ១២០តោន ទឹកសុទ្ធ ១.២០០កេស និងភេសជ្ជៈវី-កូឡា ១.២០០កេស ដល់ខេត្តគោលដៅចំនួន៦។ ការចុះសួរសុខទុក្ខដល់វីរយុទ្ធជនដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យខេត្ត និងរាជធានីភ្នំពេញ។ ដោយឡែក ក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា របស់សាខានីមួយៗ បានប្រមូលផ្តុំកម្លាំង រៀបជាក្រុមការងារនៅតាមមណ្ឌលភៀសសឹក បំពេញតួនាទីជាអ្នកជួយដល់គណៈកម្មការគ្រប់គ្រងមណ្ឌលសុវត្ថិភាព ក្នុងការជួយសម្របសម្រួលរៀបចំអំណោយ ចែកស្បៀង-សម្ភារ ដែលសប្បុរសជនបានទៅផ្តល់ជូន, ចុះអប់រំអនាម័យ/សម្អាតបរិស្ថាន, វិធីការពារសុខភាពពី ជំងឺឆ្លង/មិនឆ្លងនានា, ការជួយសាងសង់បន្ទប់ងូតទឹក, រៀបចំជម្រកស្នាក់នៅ រួមទាំងការអប់រំផ្សព្វផ្សាយអំពីមីន, យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោម ព្រមទាំងជួយសង្គ្រោះបឋមអ្នកដែលមានបញ្ហាសុខភាព ឬរបួសផងដែរ៕





