ក្រសួងឧស្សាហកម្ម ប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» និងជំរុញឱ្យរោងចក្រសហគ្រាសចាប់យកផលិតភាពជាវប្បធម៌ស្នូលសម្រាប់អាជីវកម្ម

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំពិធីប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ឆ្នាំ២០២៥ ដោយទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់រោងចក្រ សហគ្រាស និងសិប្បកម្មនានា ក្នុងការបង្កើនប្រសិទ្ធភាពការងារ គុណភាព និងការកែលម្អជាបន្តបន្ទាប់ ។ ពិធីប្រកាសទទួលស្គាល់ និងផ្តល់ពាន់រង្វាន់នេះ បានប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី២៥ ធ្នូ ២០២៥ នៅទីស្តីការក្រសួង ឧស្សាហកម្ម ក្នុងរាជធានីភ្នំពេញ ។

ក្រុមហ៊ុនចំនួនបី បានក្លាយជាម្ចាស់ជ័យលាភីពានរង្វាន់សមិទ្ធផលផលិតភាព ស៥ រួមមាន ភីភីអេហ្វ យ៉ាំ មី មេនូហ្វេកឆឺរីង ឯ.ក, ក្រុមហ៊ុន បូវឃើរ ហ្គាមេន ហ្វេកធើរី (ខេមបូឌា) ខមភេនី លីមីតធីត, និងក្រុមហ៊ុន ធីធីអិមអិល ខមមើសល ឡនឌ្រី ឯ.ក ។

«ស៥» ដែលមានន័យថា សម្រិតសម្រាំង, សណ្តាប់ធ្នាប់, ស្តងដា, ស្អាតឬសម្អាត និងស្ថិតស្ថេរ
គឺជាវិធីសាស្រ្តសម្រាប់រៀបចំកន្លែងធ្វើការបែបសាមញ្ញ អាចអនុវត្តបាននៅគ្រប់ទីកន្លែង គ្រប់ប្រភេទ និងគ្រប់ទំហំក្រុមហ៊ុន-សហគ្រាស។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើតួនាទីនៃផលិតភាពក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់អាជីវកម្ម និងកំណើនសេដ្ឋកិច្ច ខណៈដែលតម្រូវការផលិតផលក្នុងស្រុកប្រកបដោយគុណភាព កំពុងបន្តកើនឡើងខ្ពស់ ។

ឯកឧត្តមបានលើកឡើងថា ការអនុវត្តវិធីសាស្ត្រផលិតភាព «ស៥» មានគុណសម្បតិ្តមិនត្រឹមតែជួយរៀបចំសណ្តាប់ធ្នាប់ និងរក្សាភាពស្អាតជានិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនសុវត្ថិភាពការងារ កាត់បន្ថយថ្លៃដើម លើកទឹកចិត្តបុគ្គលិក ពង្រឹងគុណភាពផលិតផល និងបង្កើនបរិមាណផលិតកម្ម ដែលនាំឱ្យក្រុមហ៊ុន-សហគ្រាស បង្កើនប្រាក់ចំណេញ ។

មជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា នៃក្រសួងឧស្សាហកម្ម ចាប់តាំងពីឆ្នាំ២០១៤ បានរៀបចំកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ជារៀងរាល់ឆ្នាំ ដែលមានរោងចក្រ សហគ្រាស និងសិប្បកម្មចូលរួមសរុបចំនួន ៨៩៤ នៅទូទាំងប្រទេស ។

ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម បានលើកឡើងដែរថា “ម្ចាស់ជ័យលាភីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ទាំងនេះ គឺជាគំរូសម្រាប់សហគ្រាសដទៃទៀត ដែលស្វែងរកការលើកកម្ពស់ប្រសិទ្ធភាព និងភាពប្រកួតប្រជែង រួមទាំងការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឌីជីថលផងដែរ។ ក្រសួងឧស្សាហកម្ម កំពុងគាំទ្ររោងចក្រ សហគ្រាស និងសិប្បកម្មនៅកម្ពុជា ក្នុងការប្រែក្លាយការអនុវត្តវិធីសាស្ត្រនេះ ទៅជាទម្លាប់ប្រចាំថ្ងៃ វិន័យការងារ និងជាវប្បធម៌ស្ថាប័ន ដើម្បីនិរន្តរភាពនៃការកែលម្អផលិតភាព ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ វេង លឹមហួត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner