ជួយគ្នាក្នុងគ្រាលំបាក៖អង្គការកល្យាណមិត្តអន្តរជាតិ ជួយធ្វើអនាម័យជូនជនភៀសសឹក

សៀមរាប៖ការរស់នៅដ៏កកកុញក្រោមជម្រកតង់កៅស៊ូ និងការចាកចេញពីផ្ទះសម្បែងដោយមានទ្រព្យសម្បត្តិជាប់ខ្លួនតែ​បន្តិចបន្តួច​ចៀសមិនផុតពីកង្វះខាតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។លើសពីនេះ អនាម័យក្នុងការរស់នៅជាបណ្ដោះអាសន្នក្នុង​មណ្ឌលសុវត្ថិភាព​ គឺជាចំណោតមួយទាក់ទងនឹងសុខភាព ដែលទាមទារឱ្យមានការចូលរួមជួយផងដែរ។

បន្ទាប់ពីសត្រូវឈ្លានពានបានវាយប្រហារដោយមិនរើសគោលដៅ ប្រជាជននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ​នៃ​ខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយបន្ទាយមានជ័យ បានភៀសខ្លួនមកស្នាក់នៅវត្តពោធិ៍២ដើម ខេត្តសៀមរាប។

ដោយមើលឃើញពីការលំបាកជាក់ស្តែងអង្គការកល្យាណមិត្តអន្តរជាតិ បានបញ្ជូនក្រុមការងាររបស់ខ្លួនទៅជួយលើផ្នែក​អនាម័យ​ដោយការ​​កាត់សក់ កក់សក់ សម្អាតក្រចកដៃជើង ជាដើម ដោយមិនគិតថ្លៃ ។

ក្នុងមណ្ឌលសុវត្ថិភាពនារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ អ្នកស្រី គឹម ស្រីអូន ជាគ្រូបង្រៀនមកពីអង្គការកល្យាណមិត្ត​អន្តរជាតិ បានបណ្ដាញព័ត៌មានAMS ថា រួមចំណែកក្នុងការធ្វើអនាម័យខ្លួនប្រាណទៅដល់ជនភៀសសឹក មកពីឆ្ងាយផ្ទះ ត្រូវមករស់នៅរួមគ្នា អង្គការបានបញ្ជូនក្រុមការងារជាបុគ្គលិករបស់អង្គការ និងសិស្សដែលកំពុងរៀនមកពីអង្គការកល្យាណមិត្ត ចំនួន១២នាក់ ដែលបានស្ម័គ្រចិត្តចុះទៅតាមមណ្ឌលជនភៀសសឹកក្នុងមួយសប្តាហ៍២ថ្ងៃ។ក្រុមការងារ​ត្រូវប្រើពេល​វេលាមួយ​ថ្ងៃពេញធ្វើជូនពួកគាត់ និងអាចធ្វើបានប្រមាណ២០០នាក់ក្នុងមួយថ្ងៃ។

យុវតី សៀង ហ៊ុយ ជាសិស្ស ភៀសសឹកមកពីស្រុកអន្លង់វែង ខេត្តត្តរមានជ័យ បានប្រាប់បណ្ដាញព័ត៌មានAMSថា ដោយសារការ​ភ័យខ្លាច​នឹងការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងនៅជិតៗផ្ទះរបស់ប្អូន ប្រជាពលរដ្ឋក្នុងភូមិបាននាំគ្នាភៀសខ្លួន​ជាបន្ទាន់​មកកាន់​ទីនេះចាប់តាំងពីថ្ងៃទី៧ ខែធ្នូមក។ សៀង ហ៊ុយ រីករាយនៅពេលឃើញបុគ្គលិក​អង្គការកល្យាណមិត្តអន្តរជាតិ​មកជួយក្នុងការធ្វើ
អនាម័យដូចជា កក់សក់ កាត់សក់ សម្អាតក្រចកជាដើម ព្រោះជនភៀសសឹកទូទៅត្រូវការជំនួយបែបនេះ។

នៅជាប្រចាំក្នុងមណ្ឌលជនភៀសសឹក ចៅសង្កាត់រងទី២សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប អ្នកស្រី ឃឹម ចាន់បូរិន បាន​ឱ្យដឹងថា ការចូលរួមរបស់អង្គការកល្យាណមិត្តអន្តរជាតិ ជួយដល់ជនភៀសសឹកលើអនាម័យ គឺជាការជួយលើផ្លូវចិត្ត ផ្លូវកាយរបស់ពួកគាត់ ខណៈដែលបានចាកចេញពីផ្ទះសម្បែងយូរ ។

ដោយមិនបានបង្ហាញនូវភាពហត់នឿយ អ្នកស្រី គឹម ស្រីអូន បានលើកទឹកចិត្តទៅដល់ជនភៀសសឹក ដែលមានបំណង​ចង់មករៀនជំនាញកាត់សក់ ធ្វើសក់ ផាត់មុខ អង្គការក៏មានទទួលបង្រៀនដោយមិនគិតថ្លៃ ខណៈបច្ចុប្បន្ន​មានអ្នកភៀស​សឹក១៣នាក់ហើយបានចុះឈ្មោះចូលរៀនជំនាញនេះ ។អ្នកស្រីបន្ថែមថា បន្ទាប់ពីបញ្ចប់ការរៀនជំនាញនេះ អង្គការក៏នឹងជួយ​ស្វែងរកការងារធ្វើ ជាមួយប្រាក់ខែសមរម្យផងដែរ៕

អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner