អ៊ុយក្រែនបាញ់មីស៊ីលចម្ងាយឆ្ងាយអង់គ្លេស វាយប្រហារទីតាំងប្រេង និងឧស្ម័នរុស្ស៊ី
កៀវ ៖ មន្ត្រីយោធា និងសន្តិសុខនិយាយថា អ៊ុយក្រែនបានបាញ់មីស៊ីល Storm Shadow របស់អង់គ្លេស និងប្រើយន្តហោះដ្រូនរយៈចម្ងាយឆ្ងាយដែលផលិតក្នុងស្រុក វាយប្រហាររោងចក្រប្រេង និងឧស្ម័នរបស់រុស្ស៊ីជាច្រើនទីតាំង ។
អគ្គសេនាធិការអ៊ុយក្រែននិយាយថា កងទ័ពអាកាសបានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ Storm Shadow ដើម្បីវាយប្រហាររោងចក្រចម្រាញ់ប្រេង Novoshakhtinsk ក្នុងតំបន់ Rostov របស់រុស្ស៊ី ។
រោងចក្រចម្រាញ់ប្រេងនេះ គឺជាអ្នកផ្គត់ផ្គង់ផលិតផលប្រេងដ៏ធំបំផុតមួយនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ហើយកំពុងផ្គត់ផ្គង់ប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈយន្តហោះដល់កងទ័ពរុស្ស៊ីដែលឈ្លានពានអ៊ុយក្រែន ។
បើតាមសេវាសន្តិសុខអ៊ុយក្រែន SBU, យន្តហោះដ្រូនរយៈចម្ងាយឆ្ងាយដែលផលិតក្នុងស្រុក ក៏បានវាយប្រហារធុងផលិតផលប្រេងនៅកំពង់ផែ Temryuk របស់រុស្ស៊ី ក្នុងតំបន់ Krasnodar និងរោងចក្រកែច្នៃឧស្ម័នមួយនៅ Orenburg ភាគនិរតីនៃប្រទេសរុស្ស៊ី ។
រោងចក្រកែច្នៃឧស្ម័ន Orenburg ជាកន្លែងកែច្នៃឧស្ម័នធំជាងគេបំផុតនៅលើពិភពលោក មានទីតាំងស្ថិតនៅចម្ងាយប្រហែល ១,៤០០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ។ ជាមួយគ្នានេះ អាជ្ញាធរតំបន់នោះក៏បានទទួលស្គាល់ដែរថា ធុងផលិតផលប្រេងចំនួនពីរត្រូវភ្លើងឆាបឆេះនៅកំពង់ផែភាគខាងត្បូង Temryuk បន្ទាប់ពីការវាយប្រហារដោយដ្រូនអ៊ុយក្រែន ។
សូមបញ្ជាក់ថា សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនជិតដល់ខួប៤ឆ្នាំហើយ ហើយកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីបញ្ចប់វា រហូតមកទល់ពេលនេះ នៅមិនទាន់មានផ្លែផ្កានៅឡើយទេ ខណៈទាំងទីក្រុងកៀវ និងទីក្រុងមូស្គូ បានបង្កើនការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូន ទៅលើរោងចក្រថាមពលគ្នាទៅវិញទៅមក ៕
ប្រភព ៖ the straits times ប្រែសម្រួល ៖ ឈឹម ទីណា