ពលរដ្ឋខ្មែរសម្រុកមកធ្វើប្រហុកផ្អកខណៈត្រីចាប់ផ្តើមត្រូវ

ភ្នំពេញ៖ចាប់ពីខែមិគសិរ ,បុស្ស ឬរហូតដល់ខែផល្គុន ពលរដ្ឋខ្មែរតែងនាំគ្នាធ្វើដំណើរទៅកាន់ដងទន្លេ ដើម្បីនេសាទ​ឬក៏ទិញត្រី​សម្រាប់ទុកធ្វើប្រហុក ផ្អក ឆ្នើរ …ទៅតាមបំណងរបស់ខ្លួន ព្រោះជារដូវត្រីសម្បូរ។ដោយឡែកក្នុងឆ្នាំ២០២៥ រដ្ឋបាលជលផល
នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ឆ្នាំនេះត្រីប្រហុកចាប់ផ្តើមត្រូវពីថ្ងៃព្រហស្បតិ៍ ៦កើត ដល់ថ្ងៃពុធ ១២កើត ខែបុស្សត្រូវនឹងថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

សំឡេងអ៊ូអរនៃពលរដ្ឋក្មេងចាស់ប្រុសស្រី បានលាន់ឮតិចខ្លាំងៗនៅប្របដងទន្លេសាប ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ និងគីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ពេលទៅកាន់ទីនេះ ច្រមុះយើងបានទទួលដំបូងគឺ​ក្លិនឆ្អាបត្រីដែល
ទើបស្រង់ពីទឹក ។ត្រីខ្លះដែលលើកពីទឹកមកយូរក្រែលបានងាប់បានជះក្លិនស្អុយតិចៗ។

កំពុងដើរទិញត្រីសម្រាប់ធ្វើប្រហុកនៅសង្កាត់គីឡូម៉ែត្រលេខ៦ នៅថ្ងៃត្រីត្រូវដំបង អ្នកស្រី អាត់ ផូ មិនមែនជាអ្នកធ្វើប្រហុក​ធម្មតា​ទេ​ តែធ្វើសម្រាប់លក់ដូរនៅពេលចប់រដូវត្រីត្រូវ។ អ្នកស្រីបានប្រាប់បណ្ដាញព័ត៌មានAMS ថា​ជារៀងរាល់ឆ្នាំគាត់តែ​ងមកទិញ​ត្រីធ្វើប្រហុកសម្រាប់ទុកលក់មិនដែលខកខានទេ។ក្នុងមួយឆ្នាំយ៉ាងហោចណាស់ទិញចំនួនពី៣០ទៅ៤០តោនដែរ។ឆ្នាំនេះគាត់ទិញត្រីរៀលក្នុងមួយគីឡូក្រាមថ្លៃ ២៥០០រៀល។
ស្រ្តីវ័យជាង៣០ឆ្នាំរូបនេះបានប្រាប់ដែរថាការទិញត្រីសម្រាប់ធ្វើប្រហុកក្នុងមួយឆ្នាំគាត់ចំណាយប្រមាណ៥ទៅ៦ពាន់ដុល្លារ ហើយប្រាក់ចំណេញមកវិញប្រមាណ១ទៅ២ពាន់ដុល្លារដែរតាមរយៈការបោះដុំ និងលក់រាយដោយខ្លួនឯងតាមផ្សារផ្ទាល់។

ចំណែកអ្នកស្រី ពុយ ផល្លា ជាអ្នកទិញប្រហុកមួយរូបទៀតរស់នៅខេត្តតាកែវ បានប្រាប់បណ្ដាញព័ត៌មានAMSថា​រៀងរាល់​ឆ្នាំអ្នកស្រី តែងទិញត្រីប្រហុកយ៉ាងហោចណាស់១ទៅ២តោន ទៅតាមលទ្ធភាពថវិកា។បើឆ្នាំណាត្រីថោក អ្នកស្រីនឹង​ទិញ២ទៅ៣តោនសម្រាប់ធ្វើប្រហុកទុកលក់ឱ្យម៉ូយ។
ស្រ្តីវ័យ៦៧ឆ្នាំរូបនេះបានឆ្លៀតអះអាងពីផលិតផលប្រហុករបស់អ្នកស្រីថា ជាប្រហុកធ្វើដោយខ្លួនអ្នកស្រីផ្ទាល់, គ្មានសារជាតិគីមី ហើយក្លិនឈ្ងុយឆ្ងាញ់ធ្វើឱ្យអតិថិជន ទិញហើយជាប់ចិត្តចង់ទិញទៀត។

ចំណែកលោកយាយ ថុល ណាវី ដែលរស់នៅរាជធានីភ្នំពេញ និងរស់នៅទីតាំងធ្វើប្រហុកក្នុងសង្កាត់​ជ្រោយ​ចង្វា​ រាជធានី​ភ្នំពេញបានប្រាប់ថា ប្រហុកដែលមានត្រីជាគ្រឿងផ្សំចម្បងជាមួយអំបិល ត្រូវបានប្រើក្នុងមុខម្ហូបបានច្រើនមុខខ្លាំងណាស់ ហើយបានទាក់ទាញឱ្យភ្លក្សរសជាតិរបស់វា។ប្រហុកជាម្ហូបសំខាន់នៅក្នុងផ្ទះបាយរបស់ខ្មែរយើងអស់កាល​ដ៏យូរលង់មក​ហើយ។

គួរបញ្ជាក់ថា ប្រហុកត្រូវបានរាបបញ្ចូលថា ជាម្ហូបប្រជាប្រិយរបស់ខ្មែរ ជាកេរដំណែលពីដូនតា។គ្រួសារខ្មែរ កម្រគ្រួសារណា​មិនទទួលប្រហុកណាស់ ។ ប្រហុកក៏អាចច្នៃចេញជាមុខម្ហូបសម្បូរបែប ។

យោងតាមរបាយការណ៍សង្ខេបលទ្ធផលអនុវិស័យជលផលឆ្នាំ២០២៤ របស់រដ្ឋបាលជលផលកន្លង​មកបានបង្ហាញ​ថាក្នុង​ឆ្នាំ២០២៤ កម្ពុជាប្រមូលផលនេសាទ និងវារីវប្បកម្ម បានចំនួន៩២៦ ៩៣៤តោន ក្នុងនោះផលនេសាទទឹកសាប មាន៤៦៧ ៣៤៤តោន ផលនេសាទសមុទ្រ១៣៩ ៣១០ តោន និងផលវារីវប្បកម្ម៣២០ ២៨០តោន។ ចំនួននេះ កើនឡើង៦០ ៦៨៤តោន ស្មើនឹង៧ភាគរយ បើប្រៀបធៀបឆ្នាំ២០២៣៕
ដោយ៖ម៉ាដេប៉ូ,រូបភាព៖ លោក ផុន ពិសិដ្ឋ

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner