ទេសចរ វៀតណាម ទៅលេង ថៃ ធ្លាក់ចុះ ៣៣ ភាគរយ
ហាណូយ, បាងកក ៖ ភ្ញៀវទេសចរវៀតណាមដែលទៅលេងកម្សាន្តនៅប្រទេសថៃក្នុងឆ្នាំ ២០២៥ នេះ មានចំនួនត្រឹម ៦០ ម៉ឺននាក់ប៉ុណ្ណោះ ដោយធ្លាក់ចុះ ៣៣ ភាគរយ បើធៀបនឹងឆ្នាំមុន ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន VNexpress នៅថ្ងៃសុក្រនេះ ។
ប្រភពដដែលបញ្ជាក់ថា មូលហេតុដែលនាំឲ្យទេសចរវៀតណាម លែងចង់ទៅលេងប្រទេសថៃ ក៏ព្រោះតែការព្រួយបារម្ភអំពីសុវត្ថិភាពចេះតែបន្តកើនឡើង ។
ប្រទេសថៃ មានបញ្ហាផ្ទួនៗ រួមទាំង ការចាប់ពង្រត់តារាសម្ដែងចិន Xing Xing, ការរញ្ជួយដីដ៏សាហាវ, ការប៉ះទង្គិចនៅតាមព្រំដែន និងទឹកជំនន់ធ្ងន់ធ្ងរជាដើម ។
ថៃធ្លាប់ជាគោលដៅទេសចរណ៍ដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរវៀតណាម ដោយសារតែតម្លៃសមរម្យ, ជើងហោះហើរត្រង់, នីតិវិធីចូលសាមញ្ញ និង ពេលវេលាហោះហើរ រយៈពេលខ្លី ។
គិតត្រឹមពេលនេះ ប្រទេសថៃ ទទួលបានភ្ញៀវទេសចរបរទេសត្រឹម ៣១ លាននាក់ប៉ុណ្ណោះ ពោលធ្លាក់ចុះ ៧.២៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ។
កាសែតបាងកកប៉ុស្តិ៍រាយការណ៍ថា ប្រទេសម៉ាឡេស៊ី គឺជាប្រភពទេសចរដ៏ធំបំផុត របស់ថៃ ដែលមានចំនួន ៤ លាន ៣៨ ម៉ឺននាក់ ។ បន្ទាប់មក គឺជាទេសចរចិន ដែលមានចំនួន ៤ លាន ៣៦ ម៉ឺននាក់ ៕
ប្រភព VNexpress ប្រែសម្រួល៖ សារ៉ាត