ថៃបញ្ជាក់ផ្លូវការ បោះឆ្នោតថ្ងៃទី៨ កុម្ភៈ ទោះបីព្រំដែនតានតឹង
បាងកក ៖ ថៃបានបញ្ជាក់ជាផ្លូវការ អំពីការបោះឆ្នោតទូទាំងប្រទេស នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ទោះបីមានភាពតានតឹងតាមព្រំដែន។ នេះបើយោងតាម សារព័ត៌មាន ថៃរ៉ាត់ (thairath)។
បើតាមប្រភព, នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោក សាវៀង ប៊ុនមេ (Saweang Boonmee) អគ្គលេខាធិការនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ការបោះឆ្នោតសកលដែលគ្រោងធ្វើពីមុន នឹងប្រព្រឹត្តទៅក្នុងថ្ងៃដដែល បើទោះបីជាមានចលាចល ជាបន្តបន្ទាប់ នៅតាមព្រំដែនកម្ពុជា-ថៃ ក៏ដោយ។
យ៉ាងណា គណៈកម្មាធិការគ្រោងនឹងប្រើប្រាស់ការបោះឆ្នោត រដ្ឋបាលថ្នាក់មូលដ្ឋាន នៅថ្ងៃទី ១១ ខែមករា ដែលធ្វើឡើង នៅតំបន់មានហានិភ័យ ជាគំរូ ដើម្បីវាយតម្លៃពីស្ថានភាពបន្ទាប់។
លោក អគ្គលេខាធិការ បានពន្យល់ថា ដើម្បីធានា ឲ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយស្របច្បាប់ គណៈកម្មាធិការបានរៀបចំផែនការគ្រប់គ្រង ដោយផ្អែកលើភាពធ្ងន់ធ្ងរ នៃ ស្ថានភាព ដូចជា ការចាត់ទុក ជាតំបន់ស ឬ តំបន់ធម្មតា ដែលមិនរងផលប៉ះពាល់។
តំបន់ពណ៌លឿង ដែលមានជនភៀសខ្លួន នឹងបង្កើតការិយាល័យបោះឆ្នោតថ្មី នៅក្រៅទីតាំងដើម ប៉ុន្តែ នៅក្នុងសង្កាត់បោះឆ្នោតដូចគ្នា ដើម្បីងាយស្រួល ក្នុងការចូលប្រើប្រាស់។ តំបន់ក្រហម ដែលការបោះឆ្នោតមិនអាចប្រព្រឹត្តទៅបាន នឹងត្រូវពន្យារពេល សម្រាប់តែអង្គភាពជាក់លាក់ទាំងនោះប៉ុណ្ណោះ ដើម្បីចៀសវាងការប៉ះពាល់ ដល់ដំណើរការថ្នាក់ជាតិទាំងមូល។
លោក សា វៀង បន្ថែមថា ប្រសិនបើអ្នកបោះឆ្នោត លើសពី ៧៥% នៅខាងក្រៅតំបន់ ដែលបានចុះឈ្មោះ គណៈកម្មការនឹងធ្វើយុទ្ធនាការបោះឆ្នោតមុនកាលកំណត់ជំនួសវិញ។ អាជ្ញាធរបោះឆ្នោតនឹងផ្តល់មធ្យោបាយធ្វើដំណើរ ដើម្បីជួយសម្រួលដល់ការចូលទៅកាន់ការិយាល័យបោះឆ្នោត។
លើសពីនេះ អ្នកដែលបានចុះឈ្មោះបោះឆ្នោត មុនកាលកំណត់រួចហើយ ប៉ុន្តែ មានការព្រួយបារម្ភ ដែលលំបាកក្នុងការធ្វើដំណើរ ពួកគេអាចលុបចោល ឬ ផ្លាស់ប្តូរការចុះឈ្មោះរបស់ពួកគេ នៅចន្លោះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដើម្បីធានាដំណើរការបោះឆ្នោតប្រកបដោយភាពរលូន៕
ប្រភពពី Thairath ប្រែសម្រួល ៖ សារ៉ាត