ក្រុមហ៊ុនអង្គរមីល អះអាងថា មិនមានចំណែកភាគហ៊ុនជាជនជាតិថៃឡើយ
ភ្នំពេញ ៖ រោងចក្រផលិតទឹកដោះគោអង្គរមីល អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើសន្និសីទសារព័ត៌មាន អះអាងជូនសាធារណៈជនថា ក្រុមហ៊ុនគ្មានភាគហ៊ុនជាជនជាតិថៃឡើយ។
ការអះអាងរបស់អ្នកតំណាងជាន់ខ្ពស់របស់ក្រុមហ៊ុន ជាការឆ្លើយតបទៅកាន់ព័ត៌មានមួយចំនួន ដែលកំពុងរីករាលដាលនៅលើបណ្តាញសង្គម។ ដោយឡែក ចំពោះបញ្ហាទាក់ទិនទៅនឹងរឿងលក់បណ្ណភាគហ៊ុន ក្រុមហ៊ុនអង្គរមីល សូមបញ្ជាក់ថា ក្រុមហ៊ុនអង្គរមីល មិនមែនជាក្រុមសាធារណៈលក់ភាគហ៊ុននោះទេ។

ក្រោយពីទទួលបានអាជ្ញាបណ្ណពីក្រុមប្រឹក្សាវិនិយោគកម្ពុជា CDC នៅឆ្នាំ២០១៣ រោងចក្រត្រូវបានសាងសង់រួចរាល់ និងដំណើរការផលិតផលទឹកដោះគោនៅឆ្នាំ២០១៥។ ក្នុងអំឡុងពេលប្រតិបត្តិការកន្លងមក អង្គរមីល គឺជារោងចក្រផលិត ផលិតផលទឹកដោះគោដំបូងគេនៅកម្ពុជា ដែលបានចូលរួមចំណែកបង់ពន្ធជូនរដ្ឋប្រមាណជា ៨០លានដុល្លារសហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃដំណើរការមកដល់ពេលបច្ចុប្បន្ន និងមានដើមទុនវិនិយោគសរុបប្រមាណជា ៥១លានដុល្លារសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រសេដ្ឋកិច្ចកម្ពុជា និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។

អង្គរមីល បានផ្តល់ការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងសង្វាក់ផលិតកម្មផលិត ផលិតផលទឹកដោះគោអង្គរមីល ដោយស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។ មកដល់ពេលបច្ចុប្បន្ននេះ អង្គរមីលបានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជា ៦០០នាក់ និងបានចូលរួមចំណែកកសាងសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធតាមរយៈអ្នកចែកចាយបន្តប្រមាណជា ៥០,០០០ អាជីវករ ដែលផ្តល់ភាពងាយស្រួលដល់អតិថិជននៅទូទាំងប្រទេស។

អ្នកតំណាងជាន់ខ្ពស់របស់ក្រុមហ៊ុនបានអះអាងបន្ថែមថា ក្នុងគោលដៅអភិវឌ្ឍរួមគ្នាជាមួយប្រជាជនកម្ពុជាទាំង ការអភិវឌ្ឍធនធានមនុស្ស និងលើកស្ទួយសេដ្ឋកិច្ចជាតិ កុ្រមហ៊ុនបាន អភិវឌ្ឍផលិតផល ស្របតាមតម្រូវការទីផ្សារកម្ពុជា៖ ផលិតផលត្រូវបានស្រាវជ្រាវ និងផលិតស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ដើម្បីបម្រើដល់អ្នកប្រើប្រាស់ ជាពិសេសដល់កុមារជាង ៣លាននាក់ នៅទូទាំងប្រទេសដោយ អនុលោមតាមស្តង់ដា គ្រប់គ្រងសុវត្ថិភាពចំណីអាហារ FSSC 22000, ISO 9001, ជាពិសេសទទួលស្គាល់ដោយស្ថាប័នសុវត្ថិភាពចំណីអាហារសហរដ្ឋអាមេរិក FDA, HALAL, វិទ្យាស្ថានជាតិ (ISC), ក្រសួងសុខាភិបាល និងអនុលោមតាមស្តង់ដាចំណីអាហារជាច្រើនទៀតផងដែរ៕









