ចិនជំរុញឱ្យលោក ត្រាំ ដោះលែងមេដឹកនាំវេណេស៊ុយអេឡា និងភរិយាជាបន្ទាន់
ប៉េកាំង ៖ ប្រទេសចិនបានអំពាវនាវកាលពីថ្ងៃអាទិត្យ ឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោះលែងមេដឹកនាំវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងជំទាវទី១របស់គាត់ជាបន្ទាន់ ហើយងាកមករកដំណោះស្រាយ តាមរយៈការសន្ទនា និងការចរចា ។
ក្រៅពីជំរុញឱ្យដោះលែង ប្រទេសចិន តាមរយៈក្រសួងការបរទេសរបស់ខ្លួន ក៏បានជំរុញអាមេរិកឱ្យធានាសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី ម៉ាឌូរ៉ូ និងភរិយារបស់គាត់ផងដែរ ដោយនិយាយថា ការនិរទេសពួកគេទាំងចាប់បង្ខំ បានរំលោភលើច្បាប់ និងបទដ្ឋានអន្តរជាតិ ។
លោកប្រធានាធិបតី ម៉ាឌូរ៉ូ ត្រូវបានចាប់ខ្លួនជាមួយជំទាវទី១ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ក្នុងអំឡុងការវាយប្រហារទ្រង់ទ្រាយធំរបស់អាមេរិកទៅលើរដ្ឋធានីការ៉ាកាស់ ក្រោមហេតុផលថា លោក ម៉ាឌូរ៉ូ នៅពីក្រោយលំហូរនៃការជួញដូរគ្រឿងញៀន ។
លោក ម៉ាឌូរ៉ូ មានវ័យ ៦៣ឆ្នាំ ត្រូវបានកងកម្លាំងពិសេសអាមេរិកចាប់ខ្លួនក្នុងប្រតិបត្តិការរហ័សមួយ និងត្រូវបានដឹកជញ្ជូនទៅកាន់ទីក្រុងញូវយ៉ក ជាទីដែលមេដឹកនាំវេណេស៊ុយអេឡារូបនេះ នឹងត្រូវប្រឈមមុខពីបទចោទប្រកាន់ «ភេរវកម្មគ្រឿងញៀន» ។
ក្រោយពីចាប់បានលោក ម៉ាឌូរ៉ូ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានប្រកាសក្តែងៗដែរថា សហរដ្ឋអាមេរិកនឹងគ្រប់គ្រងវេណេស៊ុយអេឡា និងទាញយកប្រេងបម្រុងរបស់ប្រទេសនេះ ហើយមិនខ្លាចនឹងដាក់ពង្រាយកងទ័ពជើងគោកឡើយ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
