ក្រសួងបរិស្ថានបង្ហាញពីការស្តារ និងសម្អាតសំណល់ប្រេងធ្លាយចេញពីរថភ្លើងនៅខេត្តពោធិ៍សាត់ត្រឡប់មកប្រក្រតីភាពឡើងវិញ

ភ្នំពេញ៖ក្នុងឧបទ្ទវហេតុរថភ្លើងធ្លាក់ផ្លូវនៅខេត្តពោធិ៍សាត់ នាកន្លងមកត្រូវបានក្រសួងបរិស្ថានអះអាងថាបានឈានដល់ដំណាក់កាលជិតបញ្ចប់ ត្រឡប់ទៅរកភាពស្អាតនៅក្នុងតំបន់ឡើងវិញហើយ។
គួរបញ្ជាក់ថាក្នុងឧប្បទ្ទហេតុទូរថភ្លើងធ្លាក់ផ្លូវ នៅភូមិច្រែស ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ ត្រូវបានក្រសួងបរិស្ថាន និងមន្រ្តីពាក់ព័ន្ធកំពុងឈានទៅដល់បញ្ចប់ប្រតិបត្តិការសម្អាតទីតាំងទទួលរងផលប៉ះពាល់ និង ការស្តារបរិស្ថានឡើងវិញ ។
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ កន្លងមក ក្រុមការងារបានសហការជាមួយក្រុមហ៊ុន ធ្វើការសម្អាតសំណល់ប្រេង និងស្តារបរិស្ថាននៅទីតាំងទទួលរងផលប៉ះពាល់ ដោយបានកៀរ និងបូមយកសំណល់ប្រេង យកទៅរក្សាទុកដាក់បណ្តោះអាសន្ន នៅស្ថានីយពោធិ៍សាត់ ដើម្បីធ្វើប្រព្រឹត្តកម្មតាមបច្ចេកទេសសុវត្ថិភាពបរិស្ថាន ។ ក្រុមការងារបានកំពុងបន្តការតាមដានត្រួតពិនិត្យសំណល់ប្រេងដែលអាចមាននៅសេសសល់បន្តិចបន្តួចក្នុងដីបាតរណ្តៅជាប់នឹងដីចំណីផ្លូវរថភ្លើង ។ ក្រុមការងារក៏បានកំពុងពិនិត្យលើការដាំរុក្ខជាតិដែលសមស្របទៅតាមស្ថានភាពអេកូឡូស៊ី នៃទីតាំងទទួលរងផលប៉ះពាល់ដើម្បីធ្វើឱ្យតំបន់មានភាពបៃតង ។
សូមបញ្ជាក់ថា រថភ្លើងដឹកប្រេងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រ៉ែលវេរ ទិសដៅពីកើតទៅលិច ចេញពីភ្នំពេញឆ្ពោះទៅខេត្តបាត់ដំបង បានក្រឡាប់ធ្លាក់ទូដឹកប្រេងម៉ាស៊ូត ត្រង់ចន្លោះគីឡូម៉ែតលេខ ២០៨-២០៩ ចម្ងាយប្រមាណ ៧០ ម៉ែត្រពីលំនៅដ្ឋានប្រជាជន ក្នុងភូមិសាស្រ្តស្រុកបាកាន ខេត្តពោធិ៍សាត់។ ឧបទ្ទវហេតុនេះ បណ្តាលទដឹកប្រេងចំនួន ៤ ធ្លាក់ចេញពីរថភ្លើង ក្នុងនោះទូផ្ទុកប្រេងចំនួន ៣ ទទួលរងការខូចខាត និងបណ្តាលមានប្រេងហៀរចេញ ប្រមាណ ៣០០០០ លីត្រ។ ប្រេងដែលបានលេចជ្រៀបចេញពីទូរថភ្លើងទាំងនេះ ត្រូវបានប្រជាពលរដ្ឋបានដួសយកទៅប្រើប្រាស់មួយចំនួន និងនៅសល់ខ្លះតាមបណ្តោយ ដីចំណីផ្លូវរថភ្លើងទំហំប្រមាណ ៦០០០ ម៉ែត្រការ៉េ។
ដោយឡែក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ក្រុមការងារចុះទៅពិនិត្យនិងធ្វើការសហការជាមួយអ្នកពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការបំពុលនៅកន្លែងកើតហេតុភ្លាមៗផងដែរ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner