លោក ត្រាំ អញ្ជើញមេដឹកនាំកូឡុំប៊ីមកសេតវិមាន បន្ទាប់ពីព្រមានវាយប្រហារដូចវេណេស៊ុយអេឡា
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំប្រទេសកូឡុំប៊ី មកជួបចរចាគ្នា នៅសេតវិមាន បន្ទាប់ពីព្រមានថា ប្រទេសនេះ អាចមានវាសនាដូចវេណេស៊ុយអេឡា។
តាមរយៈបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធ, លោក Trump បានអះអាងថា លោកមានបំណងជួបប្រធានាធិបតី ប្រទេសកូឡុំប៊ី ឆាប់ៗនេះ នៅឯសេតវិមាន។ ប្រធានាធិបតីអាមេរិក រូបនេះ បាននិយាយថា លោកកំពុងរៀបចំផែនការ ជួបជាមួយសមភាគីកូឡុំប៊ី លោក Gustavo Petro ក្នុងពេលដ៏ខ្លីខាងមុខ។
ការលើកឡើងនេះ ធ្វើឡើងនៅប៉ុន្មានថ្ងៃ បន្ទាប់ពីមានការគំរាមកំហែង ធ្វើសកម្មភាពយោធា ប្រឆាំងនឹង ប្រជាជាតិ នៅអាមេរិកខាងត្បូង មួយនេះ ដែលអាចមានវាសនាដូច ករណីវេណេស៊ុយអេឡា កាលពីថ្ងៃទី៣ ខែមករា។
លោក Trump បានរៀបរាប់ទៀតថា «លោក Petro ឆ្វេងនិយម បាននិយាយតាមទូរស័ព្ទ និង ដោះស្រាយការខ្វែងគំនិតគ្នា នាពេលថ្មីៗនេះ រួមទាំង បញ្ហានៃការជួញដូរគ្រឿងញៀនផងដែរ…ខ្ញុំបានកោតសរសើរចំពោះការអំពាវនាវ និង សម្លេងរបស់គាត់ ហើយខ្ញុំទន្ទឹងរង់ចាំជួបគាត់ ក្នុងពេល ដ៏ខ្លីខាងមុខនេះ នៅសេតវិមាន»។
បើតាម លោក Trump , មន្ត្រីជាន់ខ្ពស់របស់ទីក្រុង Washington និង ទីក្រុង Bogota បាននិងកំពុងរៀបចំជំនួបនេះ តែ លោក មិនបានបញ្ជាក់លម្អិត អំពីពេលវេលាជួបគ្នា នោះទេ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
