បារម្ភផ្ទុះសង្គ្រាម កូរ៉េខាងត្បូង ចេញមុខច្រានចោលការបញ្ជូនដ្រូនរំលោភដែនអាកាស កូរ៉េខាងជើង
សេអ៊ូល ៖ កូរ៉េខាងត្បូងបានប្រកាសច្រានចោលការចោទប្រកាន់របស់កូរ៉េខាងជើង ដែលថា យន្តហោះដ្រូនខ្លួនបានហោះរំលោភដែនអាកាសទីក្រុងព្យុងយ៉ាងចំនួន ២ លើក ក្នុងនោះ មួយលើកកាលពីខែកញ្ញាឆ្នាំមុន និងមួយលើកទៀតនៅដើមសប្តាហ៍នេះ ដោយនិយាយថា យន្តហោះដ្រូនទាំងនោះ មិនមែនជាម៉ូដែលប្រើប្រាស់ដោយយោធាកូរ៉េខាងត្បូងទេ ។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back បាននិយាយកាលពីថ្ងៃសៅរ៍ថា ការអះអាងរបស់ភាគីកូរ៉េខាងជើង គឺដាច់ខាតមិនមែនជាការពិត លោកថា តាមរយៈរូបថតនៃយន្តហោះដ្រូនដែលកូរ៉េខាងជើងបានបញ្ចេញនោះ មិនមែនជាគំរូដែលជាកម្មសិទ្ធិរបស់យោធាកូរ៉េខាងត្បូងនោះទេ ។
ក្រៅពីបដិសេធ ប្រមុខការពារជាតិកូរ៉េខាងត្បូងរូបនេះ ក៏បានស្នើផងដែរថា បញ្ហានេះ អាចត្រូវបានស៊ើបអង្កេតរួមគ្នាដោយកូរ៉េខាងត្បូង និងកូរ៉េខាងជើង ។
ចំណែកប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ក៏បានចេញបញ្ជាឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ទៅលើបញ្ហានេះភ្លាមៗ ដើម្បីជៀសវាងបង្កទៅជាជម្លោះប្រដាប់អាវុធរវាងប្រទេសបងប្អូនកូរ៉េទាំងពីរ ខណៈដែលស្ថាប័នពាក់ព័ន្ធកំពុងផ្ទៀងផ្ទាត់ព័ត៌មានលម្អិតទៅលើករណីនេះ ។
បើតាមសារព័ត៌មាន Korea Times, កូរ៉េខាងជើងបានអះអាងថ្មីៗនេះថា កូរ៉េខាងត្បូងបានរំលោភលើអធិបតេយ្យភាពរបស់ខ្លួនចំនួន ២លើក តាមរយៈការលួចបញ្ជូនយន្តហោះដ្រូន ហើយបានព្រមានធ្ងន់ៗថា ទីក្រុងសេអ៊ូលគួរតែត្រៀមខ្លួនរ៉ាប់រងការចំណាយខ្ពស់ ចំពោះទង្វើដែលទីក្រុងព្យុងយ៉ាងហៅថា ជាការបង្កហេតុ និងបានបរិហារទីក្រុងសេអ៊ូលថា ជាសត្រូវធំបំផុតរបស់ខ្លួន ៕
ប្រភព ៖ Korea Times ប្រែសម្រួល ៖ ឈឹម ទីណា

