អាជីវករលក់ដូរលើផ្លូវ នៅផ្សារដើមគរចាស់ ពិនិត្យទីតាំងលក់ដូរនៅ​ផ្សារដើម​គរថ្មី

អាជីវករលក់ដូរលើផ្លូវពុំមានសណ្តាប់ធ្នាប់នៅផ្សារដើមគរចាស់ មកឈ្វេងយល់ទីតាំងតូបលក់ដូរនៅផ្សារដើមគរថ្មី ដែលមានស្តង់ដារ និងផាសុខភាពជាងមុន ពិសេសផ្សារបោះដុំបន្លែ ។

រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈគ្រប់​គ្រងផ្សារបោះ​ដុំបន្លែ (ផ្សារដើមគរថ្មី) នៅ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានរៀបចំអញ្ជើញ​បងប្អូនអាជីវករចំនួន ៦៧០រូប ដែលបាននិងកំពុងប្រកបអាជីវកម្មនៅ​ផ្សារ​ដើមគរចាស់ មកទស្សនាស្វែងយល់ដោយផ្ទាល់នៅទីតាំងតូបលក់ដូរថ្មី​នៅ​ផ្សារដើមគរថ្មីនេះ មានទីតាំងស្ថិតនៅផ្លូវទំនប់កប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ពិធីនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតំបន់ជុំវិញផ្សារដើមគរចាស់ និងអញ្ជើញបងប្អូនអាជីវករដែល​កំពុង​លក់ដូរមិនមានរបៀបរៀបរយនៅផ្សារដើមគរចាស់ ឱ្យផ្លាស់ប្តូរទៅកាន់ទីតាំង​លក់​ដូរថ្មី ដែលមានស្តង់ដារ និងផាសុកភាពជាងមុននៅផ្សារបោះដុំបន្លែ​(ផ្សារដើមគរថ្មី) ។

ឯកឧត្ដម ឆាយ វីរៈ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែង​ក្នុងកម្មវិធីសំណេះសំណាលជាមួយអាជីវករ និងទស្សនាទីតាំងលក់ដូរថ្មី នៅមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ (ផ្សារដើមគរថ្មី) ថា អ្វីដែល​បានកើតឡើងនៅពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែង និង​ពិភាក្សាជាមួយតំណាងផ្សារជាច្រើនលើកច្រើនសារ ទើបសម្រេចបានលទ្ធ​ផល​គួរជាទីមោទននេះ ។

ឯកឧត្ដមបន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញបានសម្របសម្រួល​ជាពិសេស​អោយមានគោលនយោបាយលើកទឹកចិត្ត និងអត្ថប្រយោជន៍សំខាន់ៗ ដើម្បី​ជួយសម្រាលបន្ទុកចំណាយ និងគាំទ្រដល់អាជីវកម្មរបស់បងប្អូនអាជីវករ​ដែល​ស្ម័គ្រចិត្តផ្លាស់ប្ដូរទៅកាន់ផ្សារដើមគរថ្មី រួមមាន៖ ការផ្តល់ជូនតូបលក់​ដោយឥតគិតថ្លៃឈ្នួល រយៈពេល ២ឆ្នាំពេញ ។ បន្ទាប់ពីចប់រយៈពេល២ឆ្នាំ តម្លៃជួលតូបត្រូវបានកំណត់ត្រឹមតែ៣០ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដោយពុំ​មាន​ប្រាក់កក់ ។

ការប្រើប្រាស់ទឹក និងភ្លើង ដោយឥតគិតថ្លៃ រយៈពេល ៦ខែ ។ មិនគិតថ្លៃ​សេវាកម្មសម្អាតអនាម័យ និងថ្លៃប្រមូលសម្រាម ។ ការរៀបចំប្រព័ន្ធទុកដាក់​សម្រាមត្រឹមត្រូវ ធានាបាននូវអនាម័យ និងបរិស្ថានស្អាត ។ ការផ្ដល់ហេដ្ឋា​រចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជា៖ ភ្លើងបំភ្លឺផ្លូវ ចំណតយានយន្តធំទូលាយ បង្គន់​អនាម័យគ្រប់គ្រាន់ ដល់អាជីវករផ្ទាល់ និងអតិថិជន ព្រមទាំងអត្ថប្រយោជន៍​គាំទ្រជាច្រើនទៀតពីគម្រោងមួយនេះ ។

នាឱកាសនោះដែរ លោក ឆេង ឃុន គណៈកម្មការគ្រប់គ្រងផ្សារដើមគរថ្មី បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះកិច្ចប្រឹងប្រែងរបស់សាលា​រាជ​ធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបាន​​យកចិត្ត​ទុកដាក់ខ្ពស់ ក្នុងការរៀបចំសណ្តាប់ធ្នាប់ទីក្រុង បង្កើនសោភ័ណភាព អនា​ម័យ និងសុវត្ថិភាពសាធារណៈ ស្របតាមទិសដៅអភិវឌ្ឍន៍រាជធានីភ្នំពេញ​នាពេលបច្ចុប្បន្ន និងអនាគត ។

លោក ឆេង ឃុន ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ក្រុមការងារ និងបងប្អូនអាជីវករទាំងអស់ ដែលបានបង្ហាញស្មារតីសហការ ការយោគ​យល់ និងការចូលរួមយ៉ាងសកម្ម ដើម្បីឲ្យការងារនេះអាចដំណើរការទៅ​ដោយ​រលូន និងទទួលបានជោគជ័យ ។

សូមបញ្ជាក់ថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញកំពុងបន្តដោះស្រាយ​បញ្ហា​ខាងលើយ៉ាងសកម្ម តាមរយៈការផ្សព្វផ្សាយពីផលប៉ះពាល់នានា និងបាន​ដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការរៀបចំ និងរុះរើសំណង់​រំលោភ​ចិញ្ចើមផ្លូវ ការដាក់តាំងទំនិញ និងចំណតយានយន្តអាណាធិបតេយ្យនៅ​តំបន់ជុំវិញផ្សារដើមគរចាស់ និងតំបន់ស្មុគស្មាញនានាក្នុងរាជធានីភ្នំពេញ ដើម្បីរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សម្ដៅសម្រួលភាពស្ទះ​ចរាចរណ៍នៅកណ្តាលទីក្រុង កាត់បន្ថយហានិភ័យនានា និងកែលម្អបរិស្ថាន​រាជធានីភ្នំពេញ ។

ជាចុងក្រោយ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនអាជីវករ ដែលកំពុងតែលក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ ក្នុងតំបន់ជុំវិញផ្សារដើម​គរចាស់ និងបងប្អូនអាជីវករផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ មេត្តាចូលរួម​សហការ និងអញ្ជើញមកទទួលយកទីតាំងលក់ដូរថ្មី ដែលអាជ្ញាធរបានខិតខំ​រៀបចំជូននៅផ្សារដើមគរថ្មីនេះ ហើយបញ្ឈប់ការលក់ដូរគ្មានសណ្តាប់ធ្នាប់ ដើម្បីរួមគ្នាកាត់បន្ថយការកកស្ទះចរាចរណ៍ រក្សាសណ្តាប់ធ្នាប់សាធារណៈ​សុវត្ថិភាពសង្គម លើកកម្ពស់អនាម័យ បរិស្ថាន និងកែលម្អសោភ័ណភាពទី​ក្រុងយើង ឱ្យកាន់តែស្រស់បំព្រងឡើង ៕

ដោយ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner