អ៊ែរអេស៊ា ខេមបូឌា សហការជាមួយរោងភាពយន្ត លេជេន ដើម្បីពង្រីកវិសាលភាពទីផ្សារក្នុងស្រុក
រាជធានីភ្នំពេញ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ជាផ្លូវការជាមួយ រោងភាពយន្ត លេជេន ដែលជាខ្សែសង្វាក់រោងភាពយន្តឈានមុខរបស់កម្ពុជា ។ ពិធីចុះហត្ថលេខដែលបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៦ មករា ឆ្នាំ២០២៦ នេះ នៅរោងភាពយន្ត លេជេន ផ្សារទំនើបអូឡាំព្យា ក្នុងរាជធានីភ្នំពេញ គឺជាកិច្ចសហការយុទ្ធសាស្ត្ររវាងម៉ាកយីហោល្បីៗទាំងពីរ ក្នុងវិស័យអាកាសចរណ៍ និងការកម្សាន្ត ។
ភាពជាដៃគូរនេះ ផ្តោតសំខាន់លើការបន្តពង្រឹងសម្ព័ន្ធភាពពាណិជ្ជកម្មក្នុងស្រុក និងការរួបរួមរវាងក្រុមហ៊ុនទាំងពីរ តាមរយៈគំនិតផ្តួចផ្តើមទីផ្សាររួមគ្នា និងការផ្សព្វផ្សាយពាណិជ្ជកម្មផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក (cross-promotional)។ ដោយផ្អែកលើវិសាលភាពនៃក្រុមហ៊ុនទាំងពីរ កិច្ចសហការនេះ មានគោលបំណងបង្កើតឱ្យមានការចូលរួមយ៉ាងស្អិតរមួត ជាមួយអតិថិជន និងភ្ញៀវជាតិ-អន្តរជាតិ នៅទូទាំងប្រទេសកម្ពុជា ។ រយៈពេលមួយឆ្នាំនៃភាពជាដៃគូ ក្រុមហ៊ុនទាំងពីរ នឹងសហការគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្កើនយុទ្ធនាការកម្សាន្តបែបចម្រុះ និងការធ្វើដំណើរដ៏សម្បូរបែប ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អ្ន្កកទស្សនានិងអ្នកធ្វើដំណើរ ព្រមទាំងរួម ចំណែកគាំទ្រដល់វិស័យពាណិជ្ជកម្មនៃប្រទេសកម្ពុជាផងដែរ។
លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា បានសម្តែងការសាទរ និងបានមានប្រសាសន៍ថា៖ “អ៊ែរអេស៊ា ខេមបូឌា បានផ្សារភ្ជាប់ទំនាក់ទំនងប្រជាជាតិទៅកាន់ពិភពលោក រីឯរោងភាពយន្ត លេជេន ដោយតភ្ជាប់ទំនាក់ទំនងសាធារណជនទៅកាន់ការកម្សាន្តដែលមានគុណភាព ។ ភាពជាដៃគូនេះ គឺជាការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឱ្យ អ៊ែរអេស៊ា កាន់តែមានភាពលេចធ្លោនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងការពង្រីកវិសាលភាពទីផ្សារឱ្យកាន់តែទូលំទូលាយ” ។
លោក Tan Twu Yang អគ្គនាយកផ្នែកទំនាក់ទំនងទីផ្សារ និងផ្នែកលក់ តំណាងរោងភាពយន្ត លេជេន បានបង្ហាញពីទស្សនៈសំខាន់នៃភាពជាដៃគូថា ៖ “នេះ គឺជាកិត្តិយសដ៏ធំធេងសម្រាប់រោងភាពយន្តលេជេន ក្នុងការសហការជាមួយក្រុមហ៊ុន ដែលមានសេវាកម្មល្អ និងការទុកចិត្តពីអន្តរជាតិ ។ កិច្ចសហការនេះ នឹងផ្តល់ជូននូវបទពិសោធន៍ដ៏វិសេសវិសាលជូនដល់អតិថិជនរាប់លាននាក់ ទាំងការកម្សាន្តក្នុងរោងភាពយន្ត និងការធ្វើដំណើរតាមផ្លូវអាកាស ។ យើងជឿជាក់យ៉ាងមុតមាំលើការរីកចម្រើនដ៏លេចធ្លោរវាងក្រុមហ៊ុនទាំងពីរ” ។
កិច្ចសហការនេះ បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ ក្នុងការគាំទ្រដល់វិស័យអាកាសចរណ៍ និងការ កម្សាន្តនៅកម្ពុជា ។ តាមរយៈការរួមបញ្ចូលការធ្វើដំណើរដែលមានតម្លៃសមរម្យ ជាមួយនឹងការកម្សាន្តដែលមានគុណភាព អ៊ែរអេស៊ា ខេមបូឌា និងរោងភាពយន្ត លេជេន ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមចំណែកគាំទ្រដល់វិស័យទេសចរណ៍ និងការកម្សាន្តក្នុងស្រុក តាមរយៈគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត ។
អំពី រោងភាពយន្ត លេជេន
រោងភាពយន្ត លេជេន គឺជាក្រុមហ៊ុនខ្សែភាពយន្តឈានមុខមួយនៅក្នុងប្រទេសកម្ពុជា ដែលដំណើរការតាមស្តង់ដារអន្តរជាតិ បង្កើតឡើង និងគ្រប់គ្រងដោយជនជាតិខ្មែរផ្ទាល់ ចាប់តាំងពីឆ្នាំ២០១១ ដោយបច្ចុប្បន្នរោងភាពយន្តនេះ មានសរុបចំនួន ១២ទីតាំង នៅទូទាំងប្រទេស ។ រោងភាពយន្ត លេជេន តែងតែប្តេជ្ញាចិត្តផ្តល់ជូនបទពិសោធន៍ការទស្សនាភាពយន្តកម្រិតខ្ពស់ដ៏អស្ចារ្យ និងសេវាកម្មល្អឥតខ្ចោះ ប្រកបដោយភាពរាក់ទាក់ និងអត្តសញ្ញាណបែបខ្មែរ ។
អំពី អ៊ែរអេស៊ា ខេមបូឌា
អ៊ែរអេស៊ា ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុនសម្ព័ន្ធ AirAsia Group ដែលជាបណ្តាញក្រុមហ៊ុនអាកាសចរណ៍ តម្លៃសមរម្យបំផុតលើពិភពលោក នឹងប្តេជ្ញាធ្វើឱ្យអ្នកគ្រប់គ្នាអាចធ្វើដំណើរតាមផ្លូវអាកាសបាន ។ ជាមួយនឹងការពង្រីក ជើងហោះហើរជាអន្តរជាតិដែលកំពុងកើនឡើង អ៊ែរអេស៊ា ខេមបូឌា ប្តេជ្ញាផ្តល់ជូននូវសេវាកម្មដ៏ល្អឥតខ្ចោះក្នុងការធ្វើ ដំណើរប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់ ៕
