នាយករដ្ឋមន្ត្រីអ៊ីស្រាអែល សុំលោក ដូណាល់ ត្រាំ កុំឱ្យទាន់កម្ទេចអ៊ីរ៉ង់

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ដ្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសុំចិត្ត លោក Donald Trump ពន្យារពេលផែនការ វាយកម្ទេចប្រទេសអ៊ីរ៉ង់ ខណៈប្រទេសធំៗនៅអារ៉ាប់បានរួមគ្នាឃាត់កុំឲ្យអាមេរិកវាយប្រហារ ដោយបារម្ភថាភ្លើងសង្គ្រាមនៅមជ្ឈឹមបូព៌ា អាចនឹងរីកកាន់តែធំ។ នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ថ្លែងប្រាប់កាសែត The New York Times កាលពីថ្ងៃព្រហស្បតិ៍ និងចេញផ្សាយដោយសារព័ត៌មាន Times of Israel។

យោងតាមរបាយការណ៍នោះ, លោក Trump និងលោក Netanyahu បាននិយាយ អំពីបញ្ហានេះ កាលពីថ្ងៃពុធ នៅថ្ងៃតែមួយដែលលោក Trump បានប្រកាសថា រូបលោកត្រូវបានគេជូនដំណឹងច្បាស់ការណ៍ ដែលថា អ៊ីរ៉ង់បានបញ្ឈប់ការសម្លាប់បាតុករ ទៀតហើយ។

តាមសេចក្តីរាយការណ៍ របស់ The New York Times, ប៉ុស្តិ៍លេខ12 បានរាយការណ៍ថា បន្ទាប់ពីមានការពិគ្រោះយោបល់ពេញមួយយប់ នៅទីស្នាក់ការកណ្តាលយោធា Kirya, អ៊ីស្រាអែលបានជូនដំណឹង ដល់សហរដ្ឋអាមេរិកថា ខ្លួនគាំទ្រការសម្រេចចិត្តវាយប្រហារអ៊ីរ៉ង់ ប៉ុន្តែ ខ្លួនមិនជំរុញឱ្យធ្វើ នៅក្នុងពេលបច្ចុប្បន្ននេះ នោះទេ។

បណ្តាញព័ត៌មាន ផ្សាយជាភាសា ហេប្រ៊ូ មួយនេះ បន្ថែមថា ការវាយប្រហារ របស់សហរដ្ឋអាមេរិក នៅតែប្រុងជើងការជានិច្ច ខណៈដែលទីក្រុងវ៉ាស៊ីនតោន បន្តវាយតម្លៃស្ថានភាព ដោយលើកឡើងពីប្រភពចំនួន៥ ដែលបានដឹងពីការពិភាក្សា របស់សេតវិមាន លើបញ្ហានេះ។ របាយការណ៍បន្តថា ទីក្រុងហ្សេរុយសាឡឹម និងទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការពិគ្រោះយោបល់ ប្រចាំថ្ងៃ ដោយបន្ថែមថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បាននិយាយជាមួយលោក Netanyahu កាលពីពុធ ដែលជាការសន្ទនាលើកទីបី ក្នុងរយៈពេល៥ថ្ងៃ ជុំវិញផែនការវាយប្រហារលើអ៊ីរ៉ង់។

ខណៈពេលដែលជម្រើសយោធាបន្តមាននៅលើតុ សម្រាប់លោក Trump, ការផ្អាក នាពេលបច្ចុប្បន្ននេះត្រូវបានគេចាត់ទុកថា ជាការបើកចំហ សម្រាប់ការទូត ហើយ មន្ត្រីអាមេរិកនិយាយថា របបនេះនឹងដួលរលំ បើមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei មិនយល់ព្រមចរចា ដោយផ្ទាល់ ជាមួយលោក Trump ។

មន្ត្រីជាន់ខ្ពស់ មកពីបណ្តាប្រទេសសម្ព័ន្ធមិត្តអាមេរិក ដូចជា កាតា អារ៉ាប៊ីសាអូឌីត អូម៉ង់ និងអេហ្ស៊ីប ក៏បានជំរុញដល់រដ្ឋបាល របស់លោក Trump ឱ្យវាយប្រហារអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះ ដោយព្រមានថា អាចបង្កឱ្យមានជម្លោះក្នុងតំបន់ កាន់តែទូលំទូលាយ។ របាយការណ៍មុននេះ បានបង្ហាញថា មេដឹកនាំ នៃរដ្ឋអារ៉ាប់ ទាំងបួន បានដឹកនាំកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីរារាំងលោក Trump ពីការចុចបូតុង វាយកម្ទេច លើប្រទេសអ៊ីរ៉ង់៕

ប្រភពពី Times of Israel ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner