កាណាដា រឹតចំណងដៃគូយុទ្ធសាស្រ្តជាមួយចិន ចំពេលតានតឹងជាមួយអាមេរិក
ប៉េកាំង ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney នៅថ្ងៃទី ១៦ ខែមករានេះ ហោះទៅចិនផ្ទាល់ ដើម្បីរឹតចំណងមិត្តភាពជាយុទ្ធសាស្រ្ត ចំពេលមានភាពតានតឹងខ្លាំងជាមួយលោក Donald Trump ដែលធ្លាប់ប្រកាសពីមហិច្ចតាចង់ច្បាមយកកាណាដាជារដ្ឋមួយរបស់អាមេរិក។ដំណើរទស្សនកិច្ច នេះគឺជាលើកដំបូង របស់មេដឹកនាំកាណាដា ទៅកាន់ប្រទេសចិន ក្នុងរយៈពេល ៨ឆ្នាំ។
យោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNA, ប្រទេសទាំងពីរបានជាប់គាំង នៅក្នុងជម្លោះការទូត អស់ពេលជាច្រើនឆ្នាំ បន្ទាប់ពីការសងសឹក ជុំវិញការចាប់ឃាត់ខ្លួនពលរដ្ឋគ្នាទៅវិញទៅមក និង ជម្លោះពាណិជ្ជកម្ម ជាបន្តបន្ទាប់។ ប៉ុន្តែ លោក Carney បានព្យាយាមបើកទំព័រថ្មី លើទំនាក់ទំនងសាកល្បង ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែក លើសហរដ្ឋអាមេរិក ដែលជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់ខ្លួន ខណៈដែលប្រធានាធិបតី Donald Trump បានដំឡើងពន្ធលើផលិតផលកាណាដា យ៉ាងចាស់ដៃ។
ថ្លែងទៅកាន់លោក Xi Jinping នៅក្រុងប៉េកាំង, លោក Carney បាននិយាយថា «ការរួបរួមគ្នា យើងអាចបង្កើតនូវអ្វី ដែលល្អបំផុត នៃ ទំនាក់ទំនង ចាកចេញពីអតីតកាល សម្របទៅនឹងការពិត នៃ ពិភពលោកបច្ចុប្បន្ន» ។
លោកបាននិយាយថា «ការចូលរួម និងកិច្ចសហប្រតិបត្តិការ នឹងនៅជាមូលដ្ឋានគ្រឹះនៃភាពជាដៃគូយុទ្ធសាស្ត្រថ្មី របស់យើង»។ លោកបន្ថែមថា កសិកម្ម ថាមពល និង ហិរញ្ញវត្ថុ សុទ្ធតែជាវិស័យ ដែលកាណាដា និងចិន អាចរីកចម្រើនរួមគ្នា ភ្លាមៗ ។
ក្នុងពេលទទួលស្វាគមន៍ លោក Carney, លោក Xi បាននិយាយថា ទំនាក់ទំនងចិន-កាណាដា បានឈានដល់ចំណុចរបត់មួយ នៅឯកិច្ចប្រជុំចុងក្រោយ របស់ពួកលោក នៅខាងក្រៅកិច្ចប្រជុំកំពូល APEC កាលពីខែតុលា ឆ្នាំ២០២៥។
លោក Xi បានប្រាប់មេដឹកនាំ កាណាដា ថា ជំនួប នាពេលនោះ បានបើកជំពូកថ្មីមួយ ក្នុងការបង្វែរទំនាក់ទំនងចិន-កាណាដា ឆ្ពោះទៅរកភាពប្រសើរឡើង។ លោកបន្តថា «ការអភិវឌ្ឍប្រកបដោយសុខភាព និងស្ថិរភាពនៃទំនាក់ទំនងចិន-កាណាដា បម្រើផលប្រយោជន៍រួម របស់ប្រទេសយើងទាំងពីរ»៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត