លោក ពូទីន ចង់ដើរតួសម្របសម្រួលភាពតានតឹងនៅអ៊ីរ៉ង់

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន មានបំណងដើរតួនាទីជាអ្នកសម្របសម្រួលដោះស្រាយស្ថានការណ៍តានតឹងនៅអ៊ីរ៉ង់ សំដៅព្យាយាមកាត់បន្ថយភាពតានតឹងឱ្យបានឆាប់រហ័ស ។

ការប្រកាសបែបនេះរបស់វិមានក្រឹមឡាំង ធ្វើឡើងបន្ទាប់ពីមេដឹកនាំរុស្ស៊ីរូបនេះ បានជួបសន្ទនាតាមទូរស័ព្ទដាច់ដោយឡែក កាលពីថ្ងៃសុក្រ ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ និងប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូត ពេហ្សិសគៀន ។

បើតាមវិមានក្រឹមឡាំង, កំឡុងកិច្ចសន្ទនាជាមួយមេដឹកនាំអ៊ីស្រាអែល លោកប្រធានាធិបតី ពូទីន បានបង្ហាញពីឆន្ទៈរបស់រុស្ស៊ី ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល និងលើកកម្ពស់ការសន្ទនាប្រកបដោយភាពស្ថាបនា ។

បន្ថែមលើនេះ រូបលោកថែមទាំងបានកំណត់គោលគំនិតជួយជ្រោមជ្រែងស្ថេរភាពនៅតំបន់មជ្ឈិមបូព៌ា ដើម្បីផ្តល់ផលប្រយោជន៍ទៅដល់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ ។

ចំណែកការសន្ទនាជាមួយមេដឹកនាំអ៊ីរ៉ង់វិញ លោកប្រធានាធិបតី ពូទីន បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាពរបស់ទីក្រុងតេហេរ៉ង់ ដើម្បីធ្វើឱ្យស្ថានការណ៍នៅក្នុងប្រទេស មានលក្ខណៈធម្មតាឡើងវិញ ។ បន្ថែមលើនេះ មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាគាំទ្រការកាត់បន្ថយភាពតានតឹង និងដោះស្រាយបញ្ហា តាមរយៈមធ្យោបាយនយោបាយ និងការទូតផងដែរ ។

គួរបញ្ជាក់ថា រុស្ស៊ីដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការប្រើប្រាស់វោហាសាស្រ្តសម្លុតគំរាមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការវាយប្រហារយោធាថ្មីៗប្រឆាំងនឹងអ៊ីរ៉ង់ ដោយចង់ប្រើលេសលូកដៃជួយបាតុករ ។

កាលពីឆ្នាំមុន អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ធ្លាប់បានបើកការវាយប្រហារ និងទម្លាក់គ្រាប់បែកកម្ទេចទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ក៏បានបាញ់ស្រោចមីស៊ីលសងសឹកវិញ ក្នុងអំឡុងសង្គ្រាមរយៈពេល ១២ថ្ងៃ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner