លោក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធប្រទេសប្រឆាំងអាមេរិកគ្រប់គ្រងកោះGreenland
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បានគំរាមដំឡើងលើប្រទេសទាំងអស់ ដែលមិនគាំទ្រផែនការដណ្តើមយកកោះ Greenland ដែលជាផ្នែកមួយនៃទឹកដីរបស់ដាណឺម៉ាក ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ។

ក្នុងកំឡុងកិច្ចប្រជុំពិភាក្សាអំពីវិស័យសុខាភិបាលនៅសេតវិមាន មេដឹកនាំអាមេរិករូបនេះ បានព្រមានធ្ងន់ៗថា រូបលោកអាចនឹងដំឡើងពន្ធលើប្រទេសនានា បើសិនពួកគេប្រឆាំងរឿងគ្រប់គ្រងកោះ Greenland ពីព្រោះយើងត្រូវការកោះនេះជាចាំបាច់ សម្រាប់ហេតុផលសន្តិសុខជាតិ ។

លោក ត្រាំ ដែលមានវ័យ៧៩ឆ្នាំរូបនេះ ក៏បានអះអាងដែរថា សហរដ្ឋអាមេរិកត្រូវការកោះ Greenland ដែលសម្បូរដោយធនធានរ៉ែសំខាន់មួយនេះ ហើយបានចោទប្រកាន់ដាណឺម៉ាកថា មិនបានធ្វើគ្រប់គ្រាន់ ដើម្បីធានាសន្តិសុខប្រឆាំងនឹងគូប្រជែងអាមេរិក គឺរុស្ស៊ី និងចិន ។
ឆ្លើយតបការសម្លុតគំរាមពីសំណាក់រដ្ឋបាលលោក ដូណាល់ ត្រាំ, អង់គ្លេស ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហូឡង់ ន័រវែស និងស៊ុយអែត បានប្រកាសពីការបញ្ជូនបុគ្គលិកយោធាក្នុងចំនួនតិចតួចប៉ុណ្ណោះ ដើម្បីត្រៀមធ្វើសមយុទ្ធនៅតំបន់អាក់ទិកនាពេលខាងមុខ ។
ការបញ្ចេញសាច់ដុំយោធានេះ ត្រូវបានគេជឿជាក់ថា វាទំនងជាផ្តោតសំខាន់លើការការពារដែនដីកោះ Greenland ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បានអះអាងថា កងទ័ពអឺរ៉ុបនឹងមិនអាចរារាំងមហិច្ឆតារបស់លោកប្រធានាធិបតី ត្រាំ ក្នុងការយកកោះ Greenland មកស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកបានឡើយ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
