ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារពហុបំណងនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ” ដែលជាសមិទ្ធផលរបស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩

ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងលោក NAGASE Kensuke (ណាហ្គាសិ កេនស៊ូកិ) អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារពហុបំណងនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ” ដែលជាសមិទ្ធផលរបស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩ នៅសាលាស្រុកអង្គរបូរី ខេត្តតាកែវ ដោយមានការនិមន្ត/ចូលរួមពី ព្រះសង្ឃ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម ក្រុមការងារក្រុង ស្រុក ភាគីពាក់ព័ន្ធ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ១៤៥០ អង្គ/នាក់។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយបានកំណត់អាទិភាពចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលពិតជាឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយរដ្ឋាភិបាលបាននិងកំពុងអនុវត្ត ព្រមទាំងទទួលបានលទ្ធផលគួរជាទីមោទនៈ។ ចំពោះការឈ្លានពានពីសំណាក់កងទ័ពថៃ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោធិបតី និងរួបរួមគ្នាសាមគ្គីជាធ្លុងមួយ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក៏ដូចជាប្រជាកសិករ ឱ្យខិតខំធ្វើយ៉ាងបង្កើនប្រសិទ្ធភាពនិងបរិមាណដាំដុះ បន្លែ ផ្លែឈើ និងចិញ្ចឹមសត្វ ជាពិសេសចិញ្ចឹមបង្កងដោយមានការជួយជ្រោមជ្រែងពីគម្រោងតេជោភូមិ១០០ វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងអស់។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បន្តថាដើម្បីប្រមូលផលបានទៀងទាត់ប្រជាកសិករនិងអាជ្ញាធរមូលដ្ឋានត្រូវចងក្រងប្រមូលផ្តុំជាសហគមន៍ដើម្បីជួយគាំទ្រគ្នាទៅវិញទៅមកទាំងបច្ចេកទេស ស្មារតី និងការស្វែងរកទីផ្សារ។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អាជ្ញាធរគ្រប់លំដាប់ត្រូវខិតខំ រៀបចំកែលម្អសោភ័ណភាពស្រុក ដាំដើមឈើ ពង្រឹងគុណភាពនិងអនាម័យម្ហូបអាហារ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរណ៍ ដែលមកទស្សនាស្រុកអង្គរបូរី អតីតរាជធានីខ្មែរសម័យហ្វូណន៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner