កម្ពុជាទទួលបានការគាំទ្រការអនុវត្តគម្រោងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ លើវិស័យអប់រំ សម្រាប់កុមារ និងសហគមន៍

(ភ្នំពេញ)៖ កម្ពុជាជាប្រទេសទី១ ដែលបានទទួលមូលនិធិ ពី Green Climate Fund សម្រាប់អនុវត្តគម្រោងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ នៅក្នុងវិស័យអប់រំ សម្រាប់កុមារនិងសហគមន៍ ដែលហៅកាត់ថា BRACE។ នេះបើតាមការបញ្ជាក់របស់អង្គការ Save the Children នៅក្នុងពិធីប្រកាសនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ។ គម្រោងស្តីពី«ការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងវិស័យអប់រំ សម្រាប់កុមារ និងសហគមន៍» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តនៅកម្ពជា បន្ទាប់ពីទទួលបានជំនួយពីសហគមន៍អន្តរជាតិ។នេះគម្រោងមានរយៈពេល៥ឆ្នាំ ដែលជួយសាលាបឋមសិក្សាសរុបចំនួន២៤០ ឱ្យក្លាយជាសាលារៀន មានសុវត្ថិភាព មានមេត្រីភាពបរិស្ថាន និងជាមជ្ឈមណ្ឌលដែលមនុស្សជំនាន់ក្រោយរៀន ដើម្បីដឹកនាំការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គម្រោង BRACE នឹងដំណើរការនៅក្នុងរយៈពេល៥ឆ្នាំ ដោយផ្ដល់ការគាំទ្រលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ សាលារៀនឱ្យមានភាពធន់ សាលារៀនមានសុវត្ថិភាព ការត្រៀមខ្លួនសម្រាប់ឆ្លើយតបនឹងគ្រោះ មហន្តរាយ និងការធានាបាននូវការសិក្សាដោយមិនមានការរំខានដល់កុមារ។
ឯកឧត្តម គូសបញ្ជាក់ថា «តំបន់មួយចំនួនរបស់កម្ពុជា បាននិងកំពុងរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដូចជា៖ ទឹកជំនន់ ភាពរាំងស្ងួត ខ្យល់ កន្ត្រាក់ និងហានិភ័យផ្សេងៗទៀត ដែលបានបង្កផលប៉ះពាល់ដល់សហគមន៍ និងប្រជាពលរដ្ឋ ជាពិសេសសាលារៀន។ ក្នុងបរិបទនេះ ការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យអប់រំ គឺជា អាទិភាពដ៏សំខាន់មួយ តាមរយៈការដាក់ឱ្យអនុវត្តគម្រោង BRACE នឹងចូលរួមចំណែកធ្វើឱ្យប្រព័ន្ធអប់រំរបស់កម្ពុជា មានភាពធន់ និងចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុ ជាពិសេសធានាបានថា សាលា រៀនមានសុវត្ថិភាព និងបៃតងជាងមុន ដែលអាចឱ្យកុមារបន្តការសិក្សាដោយគ្មានការរំខាន ព្រមទាំងគាំទ្រ និងលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់កុមារគ្រប់រូប។

លោក ហុង រស្មី បានបញ្ជាក់ដែរថា នាយកប្រចាំប្រទេស អង្គការ Save the Children និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន មន្ទីរ និងការិយាល័យអប់រំ យុវជន និងកីឡា សាលារៀនគោលដៅ រួមជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការពាក់ព័ន្ធ ក្នុងការនាំយកបទពិសោធន៍ល្អៗក្នុងរយៈពេល៥ឆ្នាំ ជួយសាលាបឋមសិក្សាសរុបចំនួន២៤០ ឱ្យក្លាយជាសាលារៀន មានសុវត្ថិភាព មានមេត្រីភាពបរិស្ថាន និងជាមជ្ឈមណ្ឌលដែលមនុស្សជំនាន់ក្រោយរៀនដើម្បីដឹកនាំការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ។
ហុង រស្មី ក៏បានគូសបញ្ជាក់ដែរថា អង្គការ Save the Children នឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយដល់វិស័យអប់រំ ក្នុងការទទួលបាននូវហិរញ្ញប្បទានអាកាសធាតុកាន់តែច្រើន សម្រាប់កុមារកម្ពុជាគ្រប់ប្រភេទបន្តការសិក្សាដោយភាពអង់អាច ពុំចុះញ៉មនឹងការរំខានពីកក្តាខាងក្រៅ រួមទាំងវិបត្តិអាកាសធាតុ។

សូមបញ្ជាក់ថា គម្រោងនេះ ទទួលបានមូលនិធិពី Global Climate Fund នូវហិរញ្ញប្បទានឥតសំណងចំនួន១៥លានដុល្លារអាមេរិក និងការចូលរួមចំណែករបស់មូលនិធិ GPE មានទឹកប្រាក់១លានដុល្លារអាមេរិក តាមរយៈ World Bank និង UNICEF នៅកម្ពុជា ដើម្បីគាំទ្រដល់ការអនុវត្តសកម្មភាព គម្រោងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ នៅក្នុងខេត្តចំនួន៣រួមមាន៖ ខេត្តកោះកុង កំពង់ឆ្នាំង និងកំពង់ចាម។ តាមរយៈគម្រោង BRACE នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន និងកុមារប្រហែល១លាន២៧ម៉ឺននាក់ ដែលស្មើនឹងប្រមាណ២០ភាគរយ នៃចំនួនប្រជាជនសរុបនៅក្នុងតំបន់អន្តរាគមន៍៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner