ឥណ្ឌាពិន័យ IndiGo ២.៤លានដុល្លារ ជុំវិញការលុបចោលជើងហោះហើរ
ញូវ ដេល្លី ៖ និយតករអាកាសចរណ៍ស៊ីវិលឥណ្ឌា កាលពីថ្ងៃសៅរ៍ បានពិន័យជាប្រាក់ ចំនួន ២លាន៤៥ម៉ឺនដុល្លារអាមេរិក លើក្រុមហ៊ុនអាកាសចរណ៍ IndiGo ជុំវិញការលុបចោលជើងហោះហើរដ៏ច្រើន។
ការពិន័យនេះ ធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងផែនការរៀបចំមិនល្អ ដែលនាំឲ្យជើងហោះហើរក្នុងស្រុក ជាង៤ពាន់ជើង ដែលភាគច្រើន ត្រូវបានលុបចោល ឬ ពន្យារពេលជាងមួយសប្តាហ៍ នៅទូទាំងប្រទេស ដោយបានជាប់គាំងអ្នកដំណើរ រាប់រយពាន់នាក់ កាលពីធ្នូ។
ក្រុមហ៊ុនអាកាសចរណ៍ឯកជនមួយនេះ បានទទួលស្គាល់ ពីការវិនិច្ឆ័យខុស និងចន្លោះប្រហោងនៃផែនការ ក្នុងការសម្របខ្លួនទៅនឹងគោលនយោបាយថ្មី នៃ ការសម្រាក ពីសំណាក់អ្នកបើកបរ។ បញ្ហានេះ កើតឡើង ចំពេលដែល IndiGo មានពេលពីរឆ្នាំ ដើម្បីរៀបចំសម្រាប់ច្បាប់ថ្មី ដែលមានគោលបំណង ផ្តល់ឱ្យអ្នកបើកយន្តហោះ មានពេលសម្រាកបន្ថែម នៅចន្លោះជើងហោះហើរ ដើម្បីបង្កើនសុវត្ថិភាពអ្នកដំណើរ។
មិនមានការឆ្លើយតបភ្លាមៗ ពី IndiGo ចំពោះការផាកពិន័យនោះទេ។ ក្រុមហ៊ុន IndiGo ដែលគ្រប់គ្រង ៦០ ភាគរយ នៃទីផ្សារក្នុងស្រុក របស់ប្រទេសឥណ្ឌា ធ្វើប្រតិបត្តិការជើងហោះហើរ ជាង២ពាន់ជើង ក្នុងមួយថ្ងៃ។
នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤, IndiGo ធ្លាប់បានឈានដល់កម្រិត នៃ ការដឹកអ្នកដំណើរ ចំនួន៥០ម៉ឺននាក់ នៅក្នុង១ថ្ងៃ ជាលើកដំបូង៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត