ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូក្រសួងចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង​ទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំ​រដ្ឋមន្ត្រី​ឌីជីថលអាស៊ានលើកទី៦ (6th ASEAN Digital Ministers’ Meeting – ADGMIN)ពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ​២០២៦​នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ព្រឹត្តិការណ៍នេះក៏​មានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលរបស់រដ្ឋ​សមាជិក​អាស៊ាន និងដៃគូ​អាស៊ាន រួមមាន សាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តរជាតិ។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ឌីជីថលអាស៊ានលើកទី៦ បានពិនិត្យវឌ្ឍនភាព​កិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិក ព្រមទាំងរវាងរដ្ឋសមាជិកនិង​ដៃគូ ដែលបានអនុវត្តក្នុងឆ្នាំ២០២៥និងផែនការឆ្នាំ២០២៦។ ជា​ពិសេស នៅឆ្នាំនេះកិច្ចប្រជុំបានពិនិត្យរបាយការណ៍អនុវត្តផែន​ការមេឌីជីថលអាស៊ាន២០២៥ ព្រមទាំងអនុម័តនិងដាក់ឱ្យប្រើជា​ផ្លូវការផែនការមេឌីជីថលអាស៊ាន២០៣០ (ASEAN Digital Masterplan 2030) ដែលនឹងក្លាយជាឯកសារគោលសម្រាប់កិច្ច​សហការឌីជីថលក្នុងតំបន់រយៈពេល៥ឆ្នាំទៅមុខ។

ក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានជួបប្រជុំទ្វេភាគីជាមួយ​បណ្ដាប្រទេសរួមមានប្រទេសម៉ាឡេស៊ី ជប៉ុន វៀតណាម ទីម័រ​ឡេស្តេ និងឡាវ ព្រមទាំងទទួលជួបជាមួយវិស័យឯកជននានា រួមមានការធ្វើទស្សនកិច្ចទៅទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុន វៀតធែល។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានចុះហត្ថលេខាលើអនុស្សរណៈ​នៃការយោគយល់ស្ដីពីកិច្ចសហការរដ្ឋាភិបាលឌីជីថលជាមួយ ឯកឧត្តម  Gobind Singh Deo រដ្ឋមន្ត្រីក្រសួងឌីជីថលនៃប្រទេស​ម៉ាឡេស៊ី និងកំណត់ហេតុប្រជុំរួម ជាមួយ ឯកឧត្ដម Hayashi Yoshimasa រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនិងសារគមនាគមន៍នៃ​ប្រទេសជប៉ុន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ​ទ្វេភាគីជា​មួយដៃគូទាំងពីរក្នុងទិសដៅជំរុញការអភិវឌ្ឍវិស័យឌីជីថល រួមមានបញ្ញាសិប្បនិម្មិត ទូរសព្ទចល័តជំនាន់ទី៥ ប្លុកឆេន ក្លោដ និងរដ្ឋាភិបាលឌីជីថល។

ឯកឧត្ដមរដ្ឋមន្ត្រីបានផ្ដល់កិត្តិយសទទួលពានរង្វាន់ឌីជីថលអាស៊ាន លើផ្នែកសេវាសាធារណៈ ដែលឆ្នាំនេះថ្នាលគាំពារសង្គម​ឌីជីថល​របស់​កម្ពុជាបានទទួលមេដាយមាស គួរជាទីមោទនៈ សម្រាប់​បរិវត្តកម្ម​រដ្ឋាភិបាលឌីជីថលនៅកម្ពុជា។

គួរកត់សម្គាល់ថា កិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានជាកិច្ចប្រជុំធំបំផុត​ប្រចាំ​ឆ្នាំផ្នែកឌីជីថលក្នុងតំបន់អាស៊ាន ដែលមានការចូលរួមពី​ក្រសួង​ឌីជីថលរបស់គ្រប់សមាជិកអាស៊ាននិងដៃគូ ដើម្បីពិភាក្សាលើ​ការវិវឌ្ឍ​​នៃវិស័យឌីជីថលនិងកិច្ចសហការវិស័យឌីជីថល៕

ដោយ៖ងាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner