លោក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធសម្ព័ន្ធមិត្តអឺរ៉ុប រហូតអាមេរិកទិញយកកោះ Greenland បាន
វ៉ាស៊ីនតោន ៖ ជម្លោះផ្ទៃក្នុងអង្គការណាតូកាន់តែពុះកញ្ជ្រោល នៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្រែកសម្លុតគំរាមជាថ្មីថា សម្ព័ន្ធមិត្តអឺរ៉ុបធំៗចំនួន៨ នឹងប្រឈមមុខនូវរលកនៃការបង្កើនពន្ធ រហូតទាល់តែទីក្រុងវ៉ាស៊ីនតោនអាចទិញយកកោះ Greenland បាន ។
មេដឹកនាំអាមេរិករូបនេះបានបង្ហោះសារលើវេទិកា Truth Social កាលពីសប្តាហ៍មុនថា ពន្ធនាំចូលបន្ថែម ១០ភាគរយទៀត នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែកុម្ភៈ លើទំនិញនាំចូលពីប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ រួមមានដាណឺម៉ាក ន័រវេស ស៊ុយអែត បារាំង អាល្លឺម៉ង់ ហូឡង់ ហ្វាំងឡង់ និងអង់គ្លេស ។
លោកថា បូករួមទាំងការដំឡើងពន្ធថ្មីនេះ វានឹងកើនឡើងដល់ ២៥ភាគរយ គិតចាប់ពីថ្ងៃទី១ ខែមិថុនាតទៅ ហើយអត្រាពន្ធនេះ នឹងបន្តមានសុពលភាពរហូតកិច្ចព្រមព្រៀងមួយត្រូវបានសម្រេច នោះគឺអាមេរិកអាចទិញយកកោះ Greenland បាន ។
បើតាមការអះអាងរបស់លោកប្រធានាធិបតី ត្រាំ, កោះ Greenland មានសារៈសំខាន់ខ្លាំង ចំពោះសន្តិសុខជាតិអាមេរិក ដោយសារតែទីតាំងយុទ្ធសាស្ត្រ និងតំបន់រ៉ែដ៏ធំរបស់វា ហើយអាមេរិកក៏មិនបានច្រានចោលជម្រើសយោធា ដើម្បីដណ្តើមយកវានោះទេ ។
ទោះបីជាយ៉ាងណា ដាណឺម៉ាកព្រមានធ្ងន់ៗថា ការរឹបអូសយកទឹកដីប្រទេសសមាជិកអង្គការ NATO អាចនឹងបំផ្លាញសម្ព័ន្ធភាពយោធាដែលអាមេរិកដឹកនាំ ។
ម្យ៉ាងវិញទៀត ទាំងមេដឹកនាំដាណឺម៉ាក និងកោះ Greenland នៅតែអះអាងថា កោះនេះមិនមែនសម្រាប់លក់ទេ ហើយក៏មិនចង់ក្លាយជាផ្នែកមួយនៃទឹកដីសហរដ្ឋអាមេរិកនោះដែរ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

