សម្ដេចប្រធានកាកបាទក្រហមកម្ពុជាអញ្ជើញ ជួបសួរសុខទុក្ខប្រជាជនភៀសសឹក២.២០៥គ្រួសារ នៅស្រុកក្រឡាញ់

សៀមរាប៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំ ភរិយា​ថ្នាក់​ដឹកនាំ និងសប្បុរសជនជាច្រើនរូប បានអញ្ជើញសួរសុខទុក្ខដោយផ្ទាល់ជាលើកទី៣ និងផ្តល់អំណោយមនុស្សធម៌​ជូន​ប្រជាជន​ភៀសសឹកចំនួន ២.២០៥គ្រួសារដែលមកស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាពចំនួន១៣ និងនៅតាម​ផ្ទះសាច់ញាតិ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។

​ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាមួយ​ប្រជាជនភៀសសឹកចំនួន២.២០៥គ្រួសារនៅស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីចុងសប្ដាហ៍នេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំនូវព្រះរាជបន្ទូលរបស់ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងព្រះសវនីយ៍សម្តេចព្រះ​មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហម កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបាន​ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ជាពិសេសការគិតគូរពីសុខទុក្ខប្រជានុរាស្ត្ររបស់ព្រះអង្គនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសរំលេចថា កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសា​ធារណៈ​ក្នុងវិស័យមនុស្សធម៌ ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏កាកបាទក្រហមកម្ពុជា នៅតែគិតគូរយកចិត្តទុកដាក់ដល់​​​​​​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា។ចំណែកស្បៀង-សម្ភារៈ ដែលនាំមកចែកជូនជួយសម្រាលការលំបាកដល់បង​ប្អូនប្រជាពលរដ្ឋ​នាពេលនេះ គឺទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លាឧបត្ថម្ភជាស្បៀង សម្ភារ និងថវិកាជូនដល់កាកបាទ​ក្រហមកម្ពុជា ទើបកាកបាទក្រហមកម្ពុជានាំយកអំណោយទាំងអស់នេះ មកជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋ​នាពេលនេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានក្រើនរំលឹកដល់ប្រជាជនភៀសសឹកទាំងអស់យកចិត្តទុកដាក់លើ​បញ្ហាសុខភាព។ ​សូមបងប្អូន​ប្រកាន់​ខ្ជាប់ពាក្យស្លោក «ការពារ ប្រសើរជាងព្យាបាល»។

សូមជម្រាបក្នុងឱកាសនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូក៏បានអញ្ជើញបូជាទៀនធូបផ្កាភ្ញី ថ្វាយព្រះរតនត្រ័យនិងប្រគេនទេយ្យទានមួយចំនួនធំដល់ព្រះសង្ឃគង់ អាចារ្យគណៈកម្មការវត្ត លោកយាយ លោកតា នៅវត្តបូទុម្មរតនញ្ញាណ ហៅវត្តស្រណាល ផងដែរ៕

ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner