សេចក្តីព្រាងច្បាប់ស្តីពីនីតិសមុទ្រ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាប្រគល់ជូនគណៈកម្មការជំនាញពិនិត្យសិក្សា
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពី នីតិសមុទ្រ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ជូនគណៈកម្មការជំនាញ ដើម្បីពិនិត្យសិក្សា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេច ដូចខាងក្រោម៖
១-ប្រគល់ភារកិច្ចជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ សហការជាមួយគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ។
២-ការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ៕
អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ








