អឺរ៉ុប គំរាមយកពន្ធពី អាមេរិក ជិត ១០៨ ពាន់លានដុល្លារ ជុំវិញមហិច្ឆតាចង់លេបយកកោះ Greenland
បរទេស ៖ សហភាពអឺរ៉ុបបានចេញការគំរាមយកពន្ធពីសហរដ្ឋអាមេរិកក្នុងតម្លៃជិត ១០៨ ពាន់លានដុល្លារ ជុំវិញមហិច្ឆតារបស់លោកប្រធានាធិបតី Donald Trump ដែលអន្ទះសារចង់លេបយកកោះ Greenland ។
បើតាមកាសែត Financial Times, ការគំរាមយកពន្ធអាមេរិកពីសំណាក់សហភាពអឺរ៉ុប នឹងធ្វើឡើងតាមរយៈការរឹតបន្តឹងទីផ្សារលើក្រុមហ៊ុនអាមេរិកនានា ក្នុងគោលបំណងឆ្លើយតបទៅនឹងការគំរាមកំហែង របស់លោក Donald Trump ដែលធ្វើដាក់សម្ព័ន្ធមិត្តណាតូ ចំពោះការប្រឆាំងនឹងមហិច្ឆតារបស់លោក ក្នុងការចង់កាន់កាប់តំបន់ស្វ័យត Greenland ទាំងបង្ខំ ។
បើតាម រយធឺ, វិធានការគិតពន្ធសងសឹកលើអាមេរិកដ៏ច្រើនសន្ធឹកសន្ធាប់នេះ គ្រោងនឹងឲ្យមេដឹកនាំដែលមានឥទ្ធិពលនៅអឺរ៉ុប យកទៅប្រកាសជាផ្លូវការនៅចំពោះមុខលោក Trump ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ស្ថិតក្នុងទីក្រុង Davos នាសប្តាហ៍នេះ ។
ការគំរាមនេះកើតមានឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Trump ប្តេជ្ញាអនុវត្តរលកនៃការដំឡើងពន្ធ លើប្រទេសដាណឺម៉ាក ន័រវេស ស៊ុយអែត បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ហូឡង់ និងហ្វាំងឡង់ ។
លោក ត្រាំ ប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រទេសទាំង ៨ នឹងប្រឈមការដំឡើងពន្ធពី ១០ ភាគរយ ទៅ ២៥ ភាគរយ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិថុនា ប្រសិនបើកិច្ចព្រមព្រៀងទិញកោះ Greenland មិនត្រូវបានសម្រេច ៕
ប្រភពពី រយធឺ ប្រែសម្រួល ៖ សារ៉ាត