លោក Netanyahu ហាមតួកគី និងកាតា មិនឲ្យចូលរួមកងកម្លាំងអន្តរជាតិនៅហ្គាហ្សា
ហ្ស៊េរុយសាឡិម ៖ លោក Netanyahu នាយករដ្ឋមន្ត្រី ប្រទេសអ៊ីស្រាអែល បានប្រកាសហាមឃាត់ ទាហានតួកគី និងកាតា មិនឲ្យចូលរួមកងកម្លាំងអន្តរជាតិ នៅតំបន់ហ្គាហ្សា។
នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu ប្តេជ្ញាថា នឹងគ្មានកន្លែង សម្រាប់ទាហានតួកគី ឬ កាតា នៅក្នុងតំបន់ហ្គាហ្សា ក្រោយចប់សង្គ្រាមនោះទេ ហើយ បញ្ជាក់ជាថ្មីពីការជំទាស់របស់អ៊ីស្រាអែល ចំពោះសមាសភាពនៃក្រុមប្រឹក្សាសន្តិភាព នៅហ្គាហ្សា ដែលគាំទ្រដោយសហរដ្ឋអាមេរិក សម្រាប់ទឹកដីប៉ាឡេស្ទីន មួយនេះ។
លោក Netanyahu បាននិយាយ នៅក្នុងសភា កាលពីថ្ងៃចន្ទ ថា «នឹងមិនមានទាហានតួកគី ឬ កាតា នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបទេ»។ លោកសំដៅលើកងកម្លាំងស្ថេរភាពអន្តរជាតិ ហៅកាត់ ISF ក្រោមផែនការ របស់ លោក Trump ។
លោក Netanyahu បាននិយាយបន្តថា «យើងមានការខ្វែងគំនិតគ្នាជាក់លាក់មួយ ជាមួយមិត្តរបស់យើង នៅសហរដ្ឋអាមេរិក ទាក់ទងនឹងសមាសភាព ក្រុមប្រឹក្សា ដែលនឹងអមដំណើរការ នៅហ្គាហ្សា»។
កាលពីថ្ងៃសៅរ៍ ការិយាល័យរបស់លោក Netanyahu ប្រកាសជំទាស់ ចំពោះសមាសភាព នៃ ក្រុមប្រឹក្សាប្រតិបត្តិ Gaza ដែលរួមមាន ទាំងរដ្ឋមន្ត្រីការបរទេសតួកគី និង អ្នកការទូតកាតា រួមជាមួយមន្ត្រី ក្នុងតំបន់ និង អន្តរជាតិ ផ្សេងទៀត៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត