រដ្ឋមន្ត្រីរុស្ស៊ីទៅដល់គុយបា ចំពេលរងសំពាធខ្លាំងពីលោក ត្រាំ

ឡាហាវ៉ាន់ ៖ រដ្ឋមន្ត្រីរុស្ស៊ី បានធ្វើទស្សនកិច្ចនៅប្រទេសគុយបា ខណៈដែលលោក ត្រាំ បង្កើនសម្ពាធ លើទីក្រុង ឡាហាវ៉ាន់។

រដ្ឋមន្ត្រីមហាផ្ទៃរុស្ស៊ី លោក Vladimir Kolokoltsev បានចាប់ផ្តើមដំណើរទស្សនកិច្ច ទៅកាន់សម្ព័ន្ធមិត្ត គុយបា កាលពីថ្ងៃអង្គារ ដែលជាការបង្ហាញអំពីសាមគ្គីភាព បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា រដ្ឋាភិបាលប្រទេស ជាកោះមួយនេះ “ត្រៀមខ្លួនជាស្រេច ដើម្បីដួលរលំ”។

ក្នុងខែនេះ លោក Trump បានព្រមានទីក្រុង ឡាហាវ៉ាន់ ឱ្យ “ធ្វើកិច្ចព្រមព្រៀង” ឈប់ទិញប្រេងវេណេស៊ុយអេឡា បើមិនដូច្នេះទេ នឹងមានវាសនាស្រដៀងនឹងប្រទេស វេណេស៊ុយអេឡា ដែលមេដឹកនាំ លោក Nicolas Maduro ត្រូវបានបណ្តេញចេញ ដោយកងកម្លាំងសហរដ្ឋអាមេរិក ក្នុងការវាយឆ្មក់ កាលពីថ្ងៃទី៣ ខែមករា ដែលបានសម្លាប់មនុស្ស រាប់សិបនាក់។

វេណេស៊ុយអេឡា គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់គុយបា និងជាអ្នកផ្គត់ផ្គង់ប្រេង និងប្រាក់ដ៏សំខាន់ ដែលលោក Trump បានប្តេជ្ញាថា នឹងកាត់ផ្តាច់។

ជុំវិញសកម្មភាពរបស់អាមេរិក, នៅពេលដែលទៅដល់ប្រទេសគុយបា ភ្លាម រដ្ឋមន្ត្រីមហាផ្ទៃរុស្ស៊ី រូបនេះ បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ី Rossiya-1 ថា «យើង រុស្ស៊ី ចាត់ទុកទង្វើនេះ ថាជាសកម្មភាព នៃ ការឈ្លានពាន ដោយអាវុធ»។ លោក បានបន្ថែមថា «ទង្វើនេះ មិនអាចត្រូវបានរាប់ ជាសុចរិត តាមមធ្យោបាយណាមួយឡើយ ហើយជាថ្មីម្តងទៀត បង្ហាញពីតម្រូវការ ក្នុងការបង្កើនការប្រុងប្រយ័ត្ន និងបង្រួបបង្រួមកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីប្រឆាំងនឹងកត្តាខាងក្រៅ»។

ស្ថានទូតរុស្ស៊ី ប្រចាំនៅទីក្រុងឡាហាវ៉ាន បាននិយាយថា លោករដ្ឋមន្ត្រី នឹងរៀបចំកិច្ចប្រជុំទ្វេភាគី ជាបន្តបន្ទាប់ នៅប្រទេសគុយបា៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner