បុរសម្នាក់ជាជាងមាសសង្ស័យមានវិប្បត្តិក្នុងគ្រួសារបានសម្រេចចិត្តបញ្ចប់ជីវិតចងកធ្វើអត្តឃាតសម្លាប់ខ្លួនក្នុងបន្ទប់ទឹកចោលប្រពន្ធ និងកូនតូច
ភ្នំពេញ ៖ បុរសម្នាក់ជាជាងមាស បានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកចោលប្រពន្ធកូន ដោយសង្ស័យមានវិប្បត្តិក្នុងគ្រួសារគួបផ្សំប្រើថ្នាំហួសកម្រិតផងដែរ ។ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងកាលវេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ២០២ ផ្លូវលំក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ សយ សំបូរ ភេទប្រុសអាយុ៣០ឆ្នាំមុខរបបជាជាងទង(ជាងមាស) ស្នាក់នៅផ្ទះកើតហេតុខាងលើ។ បើតាមការរៀបរាប់ពីម្ដាយជនរងគ្រោះបានឲ្យដឹងថាតាំងពីជនរងគ្រោះបានលែងលះជាមួយប្រពន្ធបាន៤ខែមកហើយកូនរបស់តែងតែជក់បារីជាញឹកញាប់ និងលែងធ្វើការអ្វីទាំងអស់ទោះបីជាម្ដាយហាមមិនឲ្យជក់យ៉ាងណាក៏ដោយ រហូតនៅថ្ងៃកើតហេតុរូបគាត់បានដើរចូលក្នុងបន្ទប់ទឹករួចបានឃើញកូនប្រុសរបស់គាត់ ចងកដោយយកក្រម៉ាចងភ្ជាប់ និងធ្នឹមដំបូលបន្ទប់ទឹកស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗតែម្តង ។
យោងតាមការសន្និដ្ឋាន និងការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារ (ចងកធ្វើអត្តឃាតពិតប្រាកដមែន) មូលហេតុ ( ជនរងគ្រោះធ្លាប់ប្រើប្រាស់គ្រឿងញៀន និងគួបសមទើបតែបែកបាក់ប្រពន្ធកូនផង )។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ